អភិបាលខេត្តបន្ទាយមានជ័យថ្លែងអំណរគុណសប្បុរសជនចំពោះការឧបត្ថម្ភដល់កងកម្លាំងការពារព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីរបស់សប្បុរសជននានា ដែលបាន និងកំពុងបន្តនាំយកអំណោយមកប្រគល់ជូនដល់រដ្ឋបាលខេត្ត ដើម្បីបញ្ជូនបន្តទៅកាន់កងកម្លាំងប្រចាំការឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ការថ្លែងអំណរគុណនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបានទទួលអំណោយជាសម្ភារ និងថវិកាពីសប្បុរសជនពីររូប គឺ លោក ណង ថា នាយកសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME-BMC) បានឧបត្ថម្ភអង្ករចំនួន២០០០គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន៥០យួរ ទឹកត្រីចំនួន៥០យួរ ទឹកសុទ្ធចំនួន៥០កេស និងលោកស្រី លី លីនណា នាយិកាសាលាអន្តរជាតិស្អាតមើលដ៏ (Smart World) បានឧបត្ថម្ភអង្ករចំនួន២៥០គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន៥យួរ ទឹកត្រីចំនួន៥យួរ និងថវិកា១៩០ ០០០រៀល។

ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានេះមិនត្រឹមតែជាការជួយឧបត្ថម្ភជាសម្ភារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពី ស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងការពារជាតិ។ ការចូលរួមឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមចំណែកសម្រាលការលំបាករបស់កងកម្លាំង ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី។

ឯកឧត្តមបានលើកឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកកងកម្លាំងប្រដាប់អាវុធជា សមរភូមិមុខ និងសមរភូមិក្រោយ ក្នុងការរួមគ្នាការពារជាតិមាតុភូមិពីសំណាក់សត្រូវឈ្លានពាន។
ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីជាតិរបស់សប្បុរសជននានា ចំពោះសុខទុក្ខកងកម្លាំងការពារជាតិ ដែលជាកម្លាំងស្នូលក្នុងការថែរក្សាសន្តិភាព និងបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវ។ សកម្មភាពមនុស្សធម៌នេះបានបង្ហាញយ៉ាងច្បាស់អំពីការរួបរួមគ្នារបស់ប្រជាជនកម្ពុជា ក្នុងការគាំទ្រដល់វីរភាពរបស់កងទ័ព ដែលជាអ្នកការពារយ៉ាងរឹងមាំនៅតាមព្រំដែន៕
ដោយ ឈុន សារ៉ាត





