៩ខែ ឆ្នាំ២០២៥ មានមន្ត្រីថ្នាក់ជាតិ និងក្រោមជាតិជាង ២.០០០នាក់បានទទួលការបណ្ដុះបណ្ដាល នៅសាលាជាតិរដ្ឋបាលមូលដ្ឋាន
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ហៅកាត់ថា NASLA បានបន្តវគ្គបណ្តុះបណ្តាលមន្ត្រីចំនួន២៩វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុបចំនួន ២.៣២៩នាក់ (ស្ត្រី ៧០៥នាក់) ដែលវគ្គបណ្ដុះបណ្ដាលទាំងនោះគឺសម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន។

ឯកឧត្តមបានថ្លែងថា វគ្គបណ្ដុះបណ្ដាលមានជាអាទិ៍ ការបណ្ដុះបណ្ដាលស្ដីពីនវានុវត្តន៍សម្រាប់រដ្ឋបាលមូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព ការគ្រប់គ្រងរដ្ឋបាលសង្កាត់ សម្រាប់ក្រុមប្រឹក្សាសង្កាត់ចំនួន១០៥សង្កាត់របស់រដ្ឋបាលរាជធានីភ្នំពេញវគ្គទី៣ និងវគ្គទី៤ សេវាសាធារណៈឆ្លើយតបនឹងយេនឌ័រផ្សារភ្ជាប់ជាមួយថវិកាឃុំ/សង្កាត់ ការរៀបចំ និងការអនុវត្តផែនការ និងថវិការដ្ឋបាលឃុំ/សង្កាត់ពាក់ព័ន្ធការងារអត្រានុកូលដ្ឋាន ការគ្រប់គ្រងរដ្ឋបាលខណ្ឌសម្រាប់ក្រុមប្រឹក្សាខណ្ឌចំនួន១៤របស់រដ្ឋបាលរាជធានីភ្នំពេញ ការគ្រប់គ្រងរដ្ឋបាលរាជធានី/ខេត្តតាមបែបវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ក្រុមប្រឹក្សារាជធានី/ខេត្តវគ្គទី២ និងវគ្គទី៣។
បន្ថែមពីនេះ សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ (NASLA) ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ កិច្ចការស្មៀននៅរដ្ឋបាលរាជធានីភ្នំពេញ កម្មវិធីអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យសម្រាប់ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ កម្មវិធីវិក្រឹតការមូលដ្ឋានជំនាន់ទី៩ វិធីសាស្រ្តលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន វគ្គអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព កម្មវិធីការអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យសម្រាប់គ្រូបង្គោល ប្រព័ន្ធតាមដានការអនុវត្តគម្រោងកម្មវិធីវាយតម្លៃវគ្គបណ្ដុះបណ្ដាល និងរៀបចំផែនការ និងគ្រប់គ្រងផ្អែកលើលទ្ធផលសម្រាប់ផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងវិធិសាស្ត្រលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋសម្រាប់គ្រូបង្គោល។
ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះដែរ ឯកឧត្តម សូមុនីរក្សា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៩ខែដូចគ្នានេះសាលាជាតិរដ្ឋបាលមូលដ្ឋានបានចាត់មន្ត្រីចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលវែង និងខ្លី ក្នុង និងក្រៅប្រទេសចំនួន៧វគ្គ ដោយមានសិក្ខាកាមចូលរួមសរុប៤៨នាក់ (ស្រី១៥នាក់) និងបានរៀបចំផ្សព្វផ្សាយអាហារូបករណ៍ចំនួន៦ដល់មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួនទៀត រួមមាន ក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េចំនួន២ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុនចំនួន១ វគ្គសិក្សារយៈពេលខ្លីនៅអង្គការយូនីសេហ្វចំនួន១ ថ្នាក់ឧត្តមសិក្សាប្រទេសនូវែលសេឡង់ចំនួន១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលីចំនួន១។
បន្ថែមលើការបណ្ដុះបណ្ដាលមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការបញ្ជូនមន្ត្រីទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស សាលាជាតិរដ្ឋបាលមូលដ្ឋានក៏បានពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលដោយបាន និងកំពុងរៀបចំកម្មវិធីសិក្សា រៀបចំសៀវភៅគោល និងសៀវភៅណែនាំ បណ្ដុះបណ្ដាលសមត្ថភាពគ្រូបង្គោល រៀបចំបរិស្ថានលើកកម្ពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍសមត្ថភាព និងគាំទ្រ តាមដានត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្រ្តី ព្រមទាំងបណ្ដុះបណ្ដាលគ្រូបង្គោលបានចំនួន៥វគ្គ ដោយមានសិក្ខាកាម១៣៨នាក់ សម្រាប់គ្រូបង្គោលរបស់សាលាជាតិរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
សូមបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ មានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





