ឯកឧត្តម សុខ លូ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការសាងសង់ "សួនតេជោសន្តិភាព"
AKP បាត់ដំបង ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាព "សួនតេជោសន្តិភាព" ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅរសៀលថ្ងៃពុធ ទី០១ ខែតុលា ឆ្នាំ២០២៥។

សួនតេជោសន្ដិភាពនឹងប្រែក្លាយជាលំហូរសហគមន៍ដ៏ទាក់ទាញបន្ថែមទៀត សម្រាប់ខេត្តបាត់ដំបង អាចឱ្យបងប្អូនប្រជាពលរដ្ឋ មកហាត់ប្រាណ ស្រូបយកខ្យល់អាកាស និងលំហែកាយ ពិសេសនឹងលើកសម្រស់ទីក្រុងបាត់ដំបងឱ្យកាន់តែមានសម្រស់ស្រស់ស្អាត ទាំងពេលថ្ងៃ និងពេលយប់ ក្រោយពីសួននេះសាងសង់រួចរាល់ជាស្ថាពរ ១០០ភាគរយនាពេលឆាប់ៗខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានបន្តដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពផ្លូវនៅទីតាំងសំខាន់ៗមួយចំនួនក្នុង ខេត្តបាត់ដំបង ដើម្បីត្រៀមពង្រីកផ្លូវបន្ថែម ក្នុងនោះគម្រោងពង្រីកកំណាត់ផ្លូវពីទីតាំងរង្វង់មូល«ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ៥ថ្មី និងរង្វង់មូលនាងរំសាយសក់ ដល់ផ្លូវបំបែកអាងកំពីងពួយផងដែរ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសម្រួលដល់ការធ្វើដំណើរលើដងផ្លូវក្នុងខេត្ត និងលើកសោភ័ណភាពនៅតាមទីប្រជុំជន។

ឯកឧត្តម សុខ លូ បានណែនាំបន្ថែមដល់លោក អភិបាលក្រុង ស្រុក ត្រូវខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវដើម្បីរក្សាដីចិញ្ចើមផ្លូវ ចៀសវៀងការរំលោភបំពានលើដីចំណីផ្លូវ។ឯកឧត្តម ក៏បន្តដំណើរចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅបរិវេណតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





