លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ ចងចាំអតីតកាលជាការកសាងអនាគត បោះបង់វប្បធម៌ដូចបោះបង់ខ្លួនឯង!
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥-- ចងចាំអតីតកាលជាការកសាងអនាគត បោះបង់វប្បធម៌ដូចបោះបង់ខ្លួនឯង! នេះជាប្រសាសន៍របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសដែលលោកជំទាវអញ្ជើញធ្វើបទបាឋកថា ស្តីពីកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ ជូនសិក្ខាកាមសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្តថា បេតិកភណ្ឌមិនមែនគ្រាន់តែជាអ្វីដែលជាអតីតកាលឡើយ តែជាមូលដ្ឋានធានានូវអនាគតរបស់អ្នកជំនាន់ក្រោយ។ សំណល់ប្រវត្តិសាស្ត្រជាច្រើនបានបន្សល់ទុកដល់បច្ចុប្បន្នជាភស្ដុតាងបញ្ជាក់អំពីស្នាដៃ និងភាពអស្ចារ្យរបស់ដូនតាខ្មែរទាំងរូបី និងអរូបី។

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រីក៏បានលើកយកអំពីការរស់នៅ និងវប្បធម៌ អរិយធម៌រាប់ពាន់ឆ្នាំរបស់ខ្មែរ ចាប់តាំងពីការកកើតនៃប្រវត្តិសាស្ត្រខ្មែរពីសម័យបុរេប្រវត្តិខ្មែរ សម័យហ្វូណនដល់សម័យអង្គរ និងកាតព្វកិច្ចរបស់កូនខ្មែរបច្ចុប្បន្នផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





