ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរ ពង្រីកបណ្តាញជាមួយសេវាហោះហើរត្រង់ភ្នំពេញ-តូក្យូ
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ -- ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរ ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវជើងហោះហើរថ្មីដែលតភ្ជាប់ពីទីក្រុងភ្នំពេញ ហ្វូចូវ និងតូក្យូ (PNH-FOC-NRT) ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តទៅ។

ក្រុមហ៊ុនអាកាសចរណ៍នេះបានគូសបញ្ជាក់កាលពីម្សិលមិញថា "នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រដើម្បីកែលម្អបណ្តាញ និងប្រតិបត្តិការរបស់ពួកគេជាមួយនឹងក្រុមហ៊ុនកម្ពុជាអ៊ែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍"។
ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរ នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលដំណើរការការតភ្ជាប់ផ្ទាល់ពីទីក្រុងភ្នំពេញទៅប្រទេសជប៉ុនតាមរយៈទីក្រុងហ្វូចូវ។ ជើងហោះហើនេះនឹងសម្ពោធចេញដំណើរពីទីក្រុងភ្នំពេញនៅថ្ងៃទី២៦ ខែតុលា វេលាម៉ោង ០៩:៤៥នាទីព្រឹក និងទៅដល់ទីក្រុងតូក្យូនៅវេលាម៉ោង ១៩:០០នាទីយប់។ ជើងហោះហើរត្រឡប់មកវិញនឹងចាកចេញពីទីក្រុងតូក្យូនៅវេលាម៉ោង ២០:០០នាទីយប់ និងចុះចតនៅទីក្រុងភ្នំពេញនៅវេលាម៉ោង ០៣:០០នាទីព្រឹកនៃថ្ងៃបន្ទាប់។
ជើងហោះហើរនេះនឹងដំណើរការបីដងក្នុងមួយសប្តាហ៍នៅរៀងរាល់ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ។ អ្នកដំណើរអាចកក់សំបុត្រសម្រាប់ការធ្វើដំណើរពីទីក្រុងតូក្យូទៅកាន់ទីក្រុងភ្នំពេញ ក៏ដូចជាពីទីក្រុងហ្វូចូវទៅកាន់ទីក្រុងតូក្យូ និងពីទីក្រុងហ្វូចូវមកកាន់ទីក្រុងភ្នំពេញបាន។
ក្រុមហ៊ុនអាកាសចរណ៍រំពឹងថា ផ្លូវហោះហើរថ្មីនេះនឹងជំរុញការមកដល់របស់ភ្ញៀវទេសចរយ៉ាងខ្លាំង។
យោងតាមក្រសួងទេសចរណ៍ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរជប៉ុនចំនួន ១១២.៧១៨នាក់ក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើង ៣០% ពីចំនួន ៨៤.៤១១នាក់កាលពីក្នុងឆ្នាំ២០២៣។
ជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុនពីមុនត្រូវបានដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ប៉ុន្តែសេវាកម្មនេះត្រូវបានផ្អាកក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩៕
ដោយ: យា ចិន្តាខន្តី





