ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាបបន្តផ្សព្វផ្សាយពីតួនាទីភារកិច្ចរបស់ការិយាល័យនិងការប្រើប្រាស់កម្មវិធីទូរសព្ទ័ មតិយើងដល់រដ្ឋបាលក្រុង រុនតាឯកតេជោសែន
AKP សៀមរាប ថ្ងៃទី០៨តុលា ឆ្នាំ២០២៥--
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ និងការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង”ជូនដល់មន្ត្រីរដ្ឋបាលស្រុក បន្ទាយស្រីរួមចមក នៅថ្ងៃទី៨ខែតុលាឆ្នាំ២០២៥នេះ គេក៏បានបន្តធ្វើការផ្សព្វផ្សាយដូចគ្នានេះដែរ ជូនដល់មន្រ្តីរដ្ជបាលក្រុង រុនតាឯកតេជោសែន រួមទាំងមន្រ្តីថ្នាក់សង្កាត់ មេភូមិ សហភាពសហពន្ធ័យុវជនកម្ពុជា អាជីវករ នៃទីក្រុងរុនតាឯក ជាបន្តទៀត ដើម្បីលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកម្មវិធីនេះដែរបានធ្វើឡើងនៅបរិវេណវត្ត រុន ក្នុងសង្កាត់រុនតាឯកខេត្តសៀមរាប ក្រោមអធិបតីភាព លោក នេត ផល្គុណ ប្រធានការិយាល័យប្រជាពលរដ្ឋខេតសៀមរាប។

មានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយនោះដែរ លោក នេត ផល្គុណ បានអោយដឹងថា ការចុះផ្សព្វ ផ្សាយនេះ ក៏ចង់បង្ហាញពីការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង” ដើម្បីផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋ ផ្ញើព័ត៌មាន មតិយោបល់ និង រាយការណ៍ពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និង ការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង ស្រុកនីមួយៗ ។


លោក នេត ផល្គុណ បានអោយដឹងទៀតថា ការិយាល័យប្រជាពលរដ្ឋ ជាដៃគូរនឹងអង្គភាពច្រកចេញចូលតែមួយ គឺដើមី្បបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និង សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសចូលរួមចំណែកក្នុងការទប់ស្កាត់នូវអំពើពុករលួយ។ លោក នេត ផល្គុណ បានអោយដឹងបន្ថែមថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយ ដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត មានតួនាទីជាអ្នកសម្រុះសម្រួល ដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ការលើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាព និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕


ដោយ៖ ហង្ស សៀក





