អាជ្ញាធរខេត្តសៀមរាបត្រៀមកម្ទេចចោលបារីអេឡិចត្រូនិច និងវេប ដែលសមត្ថកិច្ចបង្ក្រាបបាន នាពេលកន្លងមក
AKP សៀមរាប ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--អាជ្ញាធរខេត្តសៀមរាបបានត្រៀមធ្វើការកម្ទេចចោលនូវបារីអេឡិចត្រូនិច (E-cigarette) និងវេប (Vape) ជាច្រើនគ្រឿង ដែលសមត្ថកិច្ចដកហូតបានក្នុងប្រតិបត្តិការបង្ក្រាបនាពេលកន្លងមក ដើម្បីលុបបំបាត់ការប្រើប្រាស់ខុសច្បាប់ក្នុងខេត្តទេសចរណ៍ដ៏សំខាន់មួយនេះ។
នៅក្នុងកិច្ចប្រជុំត្រៀមធ្វើការកម្ទេចចោលនូវបារីអេឡិចត្រូនិច (Ecigarette) និង វេប (Vape) ដែលសមត្ថកិច្ចបានដកហូតបាន នៅអំឡុងពេលបង្ក្រាបកន្លងមក ឱ្យត្រូវតាមស្ដង់ដារបច្ចេកទេស និងមិនប៉ពាល់ដល់បរិស្ថាន ដោយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ លោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាក់ថា នាពេលកន្លងមក នគរបាល និងកងរាជអាវុធហត្ថខេត្តសៀមរាបបានបង្ក្រាបបានបារីអេឡិចត្រូនិច និងវេប ជាបន្តបន្ទាប់នៅក្នុងដែនសមត្ថកិច្ចខេត្តសៀមរាប ហើយដកហូតបាននូវវត្ថុតាង និងសម្ភារជាច្រើនមករក្សាទុកនៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌។

លោក យិន មុនីរិទ្ធ បានបញ្ជាក់ថា ដោយទទួលបានសំណូមពរពីសមត្ថកិច្ច ដែលបានអះអាងថា វត្ថុតាង និងសម្ភារដែលបានដកហូត ផ្ទុកនូវសារធាតុដែលប៉ះពាល់ដល់សុខភាព និងសារធាតុដែលងាយឆាបឆេះ ទើបអយ្យការអមសាលាដំបូង ស្នើសុំរដ្ឋបាលខេត្តសៀមរាបដឹកនាំ និងរៀបចំកិច្ចប្រជុំនាពេលនេះ ដើម្បីពិភាក្សាជាមួយមន្រ្តីជំនាញ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអំពីវិធីសាស្រ្តការកម្ទេចចោល ឱ្យស្របទៅតាមវិធានការបច្ចេកទេស និងទីតាំងសុវត្ថិភាព ហើយមិនប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។

លោកជំទាវ ឈឹម សិទ្ធបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា បារីអេឡិចត្រូនិក និងវេប មិនមែនជាឧបករណ៍សម្រាប់ផ្ដាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺ បេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតី នៅអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ។

លោកជំទាវ ឈឹម សិទ្ធបុណ្យរិទ្ធ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអង្គភាព អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ក្នុងខេត្តសៀមរាប ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច ក្នុងការចូលរួមចំណែកបង្ក្រាប ការទប់ស្កាត់ ការអប់រំ ណែនាំ អំពីការប្រើប្រាស់ និងលុបបំបាត់ទាំងបារីអេឡិចត្រូនិច ក៏ដូចជាគ្រឿងញៀនខុសច្បាប់ផ្សេងទៀត ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ របស់អាជ្ញាធរខេត្ត និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់អំពី សុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ដោយ ឃុត សៅ





