អង្គកឋិនទានសាមគ្គី វត្តប្រាសាទចន្ទរង្សី ទទួលបានបច្ច័យ១០លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាម
AKP សៀមរាប ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥– អង្គកឋិនសាមគ្គី ដែលផ្ដួចផ្ដើម ដោយអាចារ្យ គណៈកម្មការវត្តព្រមទាំងពុទ្ធបរិស័ទចំណុះ ជើងវត្ត ប្រាសាទចន្ទរង្សី(ហៅវត្តគោកចាន់) ព្រមទាំងពុទ្ធបរិស័ទ មកពីក្នុង និងក្រៅខេត្ត ដើម្បីដង្ហែនិងវេរត្រ័យចីវរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់ត្រីមាស ៣ខែ ក្នុងពុទ្ធសីមាក្នុងប្រាសាទចន្ទរង្សី ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ ប្រមូលបច្ច័យសម្រាប់ការកសាងសមិទ្ធផលនានាក្នុងទីអារាមបានចំនួន១០លានរៀល ក្រោមការចូលរួមពីម្ចាស់ត្រ័យ ដូនជី តាជី និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្្ធ ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី មានថេរដីកាបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទាននាពេលនេះ គឺសម្រាប់ទ្រទ្រង់ចតុបច្ច័យដល់ភិក្ខុ សាមណេរក្នុងវត្ត ក្រោយចាំព្រះវស្សាអស់ពេលបីខែ សម្រាប់ផ្គត់ផ្គង់ដល់សមណសិស្សដែលនិងមន្តសិក្សារៀនសូត្រ និងស្នាក់នៅទីនេះ និងមួយចំនួនទៀតយកទៅសាងសង់សមិទ្ធផលនានាក្នុងទីអារាម និងជាទីសេនាសេនៈព្រះសង្ឃគង់នៅ។

ព្រះគ្រូចៅអធិការ ក៏បានសម្តែងនូវព្រះទ័យសោមនស្សសាទរ ចំពោះសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ដែលបានស្រុះស្រួលគ្នាដង្ហែអង្គកឋិននេះឡើង ដែលនេះជាសទ្ធាបញ្ជាក់ឱ្យឃើញពីការជឿ គោរពព្រះពុទ្ធសាសនា និងស្មារតីសាមគ្គីជួយគ្នារបស់ប្រជាពុទ្ធបរិស័ទ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើន រុងរឿងនៅយូរអង្វែង និងជាការជួយទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃ ក្រោយពីគង់ចាំព្រះវស្សាអស់កាលត្រីមាសកន្លងមក។


ព្រះអង្គមានថេរដីកាបន្តថា បុណ្យកឋិនទាននាពេលនេះដែរ ប្រារព្ធឡើងក្នុងគោលបំណងបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គមជាតិ, ទ្រទ្រង់ព្រះពុទ្ធសាសនា ឱ្យបានចម្រើនរុងរឿង និងគង់វង្សយូរអង្វែង, ផ្ដល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ ដែលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនា និងដើម្បីបានថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ៕
ដោយ៖ ឃុត សៅ





