អាជ្ញាធធរជាតិអប្សរាបើកវគ្គបណ្ដុះបណ្ដាលស្ដីពីអ្នកសារព័ត៌មានបេតិកភណ្ឌរយៈពេល៣ថ្ងៃ នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--អាជ្ញាធរជាតិអប្សរា បានបើកវគុ្គបណ្ដុះបណ្ដាលស្ដីពីអ្នកសារព័ត៌មានបេតិកភណ្ឌ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ វគ្គបណ្ដុះបណ្ដាលស្ដីពីអ្នកសារព័ត៌មានបេតិកភណ្ឌនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយមានក្រុមអ្នកសារព័ត៌មាន និងគេហទំព័រ ជាង៥០រូប មកពីអង្គភាពចំនួន១១ផ្សេងគ្នានៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាបបានចូលរួម។
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា វគ្គបណ្ដុះបណ្ដាលស្ដីពីអ្នកសារព័ត៌មានបេតិកភណ្ឌនាពេលនេះ ក្នុងគោលបំណងចង់ផ្សាភ្ជាប់តួនាទីរបស់អ្នកសារព័ត៌មាន ឱ្យយល់ដឹងពីសម្បត្តិបេតិកភណ្ឌ របស់ដូនតាខ្មែរដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយជួយផ្សព្វផ្សាយនិងលើកតម្លៃបេតិកភណ្ឌជាតិ ឱ្យកាន់តែមានតម្លៃលេចធ្លោជាសកលថែមទៀត។

ឯកឧត្តម បានបញ្ជាក់បន្ថែមថាបេតិកភណ្ឌ របស់ព្រះរាជាណាចក្រកម្ពុជា គឺជាដួងព្រលឹងរបស់ប្រទេសនិងជាតិសាសន៍របស់ខ្មែរ ។អ្នកសារព័ត៌មានមានសារៈសំខាន់ ប្រៀបបានទៅនឹងអ្នកការទូត ដែលអាចផ្សព្វផ្សាយពីតម្លៃនៃសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ទៅកាន់ប្រទេសនានាក្នុងពិភពលោក ឱ្យស្គាល់កម្ពុជាកាន់តែច្បាស់។
នៅក្នុងប្រទេសកម្ពុជា មានប្រាសាទនិងបុរាណដ្ឋានជាច្រើន ដែលនៅរាយប៉ាយស្ទើរតែគ្រប់ទីកន្លែងនៅទូទាំងប្រទេស ក៏ប៉ុន្តែរមណីយដ្ឋានអង្គរ គឺជាសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យជាងគេ ដែលធ្វើឱ្យពិភពលោកទទួលស្គាល់។

ឯកឧត្តម យិត ចាន់ដារដ្ឋ មានប្រសាសន៍ថា នៅក្នុងតំបន់អង្គរ មានសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃគឺបេតិកភណ្ឌវប្បធម៌ ដែលក្នុងនោះមានទាំងវប្បធម៌រូបីនិងអរូបី ព្រមទាំងមានសម្បត្តិបេតិកភណ្ឌធម្មជាតិផងដែរ។
ឯកឧត្តមបញ្ជាក់ទៀតថា នៅក្នុងរមណីយដ្ឋានអង្គរ ដែលបច្ចុប្បន្នមានផ្ទៃដី ចំនួន៤០១គីឡូម៉ែត្រក្រឡា គឺមានសម្បត្តិបេតិកភណ្ឌ ជាច្រើនដោយរាប់ទាំងប្រាសាទបុរាណ ប្រឡាយទឹកបុរាណ ត្រពាំងបុរាណនិងទីបុរាណដ្ឋានផង មានប្រមាណជា១០១៨៨កន្លែង។
ចំណែកនៅក្រៅតំបន់អង្គរ ក្នុងស្រុក-ក្រុងចំនួន១៣វិញ គឺមានស្ថានីយ៍បុរាណប្រមាណជាង១២០០០ស្ថានីយ៍ផ្សេងទៀត។ ចំនួនបុរាណដ្ឋាននេះ នៅមិនទាន់បូកបញ្ចូលជាមួយនឹងតំបន់ឧទ្យានជាតិភ្នំគូលែន ដែលមានប្រហែល១០៦៦ផងទេ។

កាលពីឆ្នាំ១៩៩២ រមណីយដ្ឋានអង្គរត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការUNESCO ដែលកាលណោះ អង្គរត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌប្រឈមនិងគ្រោះថ្នាក់នៅឡើយ។ ប៉ុន្តែដោយសារតែការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការងារជួសជុល អភិរក្សនិងថែរក្សា បង្កើតប៉ូលីសបេតិកភណ្ឌជួយការពារ ព្រមទាំងបង្កើតគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC Angkor)ដើម្បីតាមដានពិនិត្យមើលនិងជួយសង្គ្រោះ ទើបនៅឆ្នាំ២០០៤ធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរត្រូវដកចេញពីបញ្ជីគ្រោះថ្នាក់រហូតមកដល់បច្ចុប្បន្ន។

ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងយ៉ាងខ្លាំងលើការងារលើកតម្លៃបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ។ ការងារទាំងនោះមានទាំងការថែរក្សាប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់អ្នកស្រុកអង្គរ ការជួសជុលប្រាសាទបុរាណ ការថែរក្សាវត្តអារាមដែលមានអាយុយូរឆ្នាំ ការស្ដារប្រព័ន្ធធារាសាស្រ្តបុរាណមានប្រឡាយបុរាណ ទ្វារទឹកបុរាណ ដើម្បីជួយការពារប្រាសាទ ជួយរំដោះទឹកជំនន់កុំឱ្យលិចទីក្រុង ជួយនាំទឹកសម្រាប់ប្រព័ន្ធស្រោចស្រព ព្រមទាំងការដាំកូនឈើ ដើម្បីលើកសម្រស់ធម្មជាតិបៃតងនិងការព្រលែងសត្វព្រៃនៅក្នុងឧទ្យានអង្គរ ដើម្បីបង្កើនឱ្យមានប្រព័ន្ធជីវចម្រុះ កាន់តែសំបូរបែប រួមទាំងការងារជាច្រើនទៀត៕
ដោយ ឃុត សៅ





