ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងផលប៉ះពាល់នៅទីតាំងសាងសង់របងថ្មជាប់មាត់ស្ទឹងស្លាគូ ដែលរក្សាទុកចំណីមាត់ស្ទឹងខ្លីខុសពីច្បាប់កំណត់ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចុះពិនិត្យជាក់ស្តែងផលប៉ះពាល់នៅទីតាំងសាងសង់របងថ្មជាប់មាត់ស្ទឹងស្លាគូប្រវែង ១១៩ម៉ែត្រ ដែលបានរក្សាទុកចំណីមាត់ស្ទឹងខ្លីខុសពីច្បាប់កំណត់ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥។
ជាវិធានការ ឯកឧត្តមរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានធ្វើការណែនាំឱ្យក្រុមហ៊ុនរុះរើសំណង់របងបេតុងប្រវែង១១៩ម៉ែត្រ ដែលបានសង់កៀកនឹងមាត់ស្ទឹង ថយមកខាងក្រោយដោយរក្សាទុកគម្លាត៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង ទៅតាមច្បាប់កំណត់ ក្នុងរយៈពេល១៤ថ្ងៃ ហើយដែលការអនុវត្តការរុះរើរបងនេះ គឺស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដឹកនាំដោយឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន ព្រមទាំងមេធាវីប្រចាំក្រសួង ដឹកនាំដោយឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ សហការជាមួយរដ្ឋបាលស្រុកត្រាំកក់ មន្ទីរ និងការិយាល័យជំនាញ និងតំណាងក្រុមហ៊ុន។


សូមបញ្ជាក់ថា បើតាមមាត្រា៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ដីចំណីមាត់ច្រាំងនិងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ៖ ទី១) ឆ្នេរ និងពាមសមុទ្រ ចម្ងាយ១០០(មួយរយ)ម៉ែត្រគិតពីមាត់ឆ្នេរនិងមាត់ពាម(ពេលទឹកជោរអតិបរមា)។ ទី២) ទន្លេ ចម្ងាយ៥០(ហាសិប)ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ ទី៣) ស្ទឹងចម្ងាយ៣០ (សាមសិប) ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង។ ទី៤) ព្រែកចម្ងាយ២០ (ម្ភៃ) ម៉ែត្រ គិតពីមាត់ច្រាំងព្រែក។ ទី៥) អូរចម្ងាយ១០(ដប់)ម៉ែត្រ គិតពីមាត់ច្រាំងអូរ។ ទី៦) ប្រឡាយមេ ចម្ងាយ១០(ដប់)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។ ទី៧) ប្រឡាយរងចម្ងាយ៥(ប្រាំ)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។ ទី៨) ប្រឡាយស្រោចស្រព ចម្ងាយ៣(បី)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ។ ទី៩)អាងទឹក ចម្ងាយ១០០(មួយរយ)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក។ ទី១០) បឹងបួរចម្ងាយ៥០(ហាសិប)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក និង ទី១១) ទំនប់អាងទឹក ចម្ងាយ២០(ម្ភៃ)ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់តិចជាង៤(បួន)ម៉ែត្រ។ ចម្ងាយ១០០(មួយរយ)ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់ពី៤(បួន)ម៉ែត្រ ទៅ៨(ប្រាំបី)ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨(ប្រាំបី)ម៉ែត្រឡើងទៅត្រូវបានកំណត់អនុក្រឹត្យដោយឡែក៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





