ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុប នៅខេត្តព្រៃវែងបន្តចាប់យកក្ដីស្រមៃលើវិថីសិក្សាច្រើនជម្រើសទៀត
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។ ការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ចំនួន ១៥៤នាក់ ក្នុងខេត្តព្រៃវែង នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តមអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា លទ្ធផលនៃការប្រឡងកន្លងមកនេះ និងតទៅមុខទៀតក្ដី ទោះបីជាប់ ឬធ្លាក់ គឺវាមិនទាន់បានកំណត់នូវជោគវាសនា ឬអនាគតរបស់ខ្លួនបានឡើយ ប្រសិនបើមិនមានការព្យាយាម តស៊ូបង្កើនសមត្ថភាពក្រេបយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍខ្លួន និងសមស្របទៅតាមទីផ្សារការងារដែលកំពុងត្រូវការនាពេលបច្ចុប្បន្ននោះទេ។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ផ្លែផ្កានៃការអប់រំបណ្ដុះបណ្ដាលដល់សិស្សគ្រប់កម្រិតចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ព្រមទាំងការចាប់យកមុខជំនាញផ្សេងៗរបស់សិស្ស និស្សិត រួមទាំងសិស្សមិនជាប់បាក់ឌុប គឺជាក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ទាំងនីតិកាលមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ និងបន្តមកដល់បច្ចុប្បន្ន គឺយុទ្ធសាស្ត្របញ្ចកោណ។

ក្នុងឱកាសនោះ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់ដល់សិស្សដែលទទួលបាននិទ្ទេស A ទាំង ១៥៤នាក់ ដោយក្នុងម្នាក់ៗម៉ូតូចំនួន ១គ្រឿង និងថវិកា ព្រមទាំងសម្ភារមួយចំនួនទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភថវិកា និងសម្ភារជូនដល់លោកគ្រូ អ្នកគ្រូ ដែលបានស្ម័គ្រចិត្តបង្រៀនវគ្គបំប៉នដោយឥតគិតថ្លៃដល់សិស្សថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ព្រមទាំងលោកនាយក និងលោកស្រីនាយិកា សាលាដែលមានសិស្សទទួលបាននិទ្ទេស A ទាំង ២៧វិទ្យាល័យ ក្នុងខេត្តព្រៃវែងផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





