ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ អញ្ជើញបើកសិក្ខាសាលាស្តីពី “សិទ្ធិអ្នកនិពន្ធឌីជីថល”
AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥-- ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញបើកសិក្ខាសាលាស្តីពី “សិទ្ធិអ្នកនិពន្ធឌីជីថល” នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមជំនួយបច្ចេកទេសពីគម្រោង Expert Deployment Mechanism for Trade and Development (EDM) ស្តីពីកម្មសិទ្ធិបញ្ញារបស់ ប្រទេសកាណាដា បានរៀបចំសិក្ខាសាលាស្តីពី “សិទ្ធិអ្នកនិពន្ធឌីជីថល” នៅសណ្ឋាគារហ្វ៊ែរហ្វៀលភ្នំពេញ Fairfield by Marriott Phnom Penh។

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីបង្កើនការយល់ដឹង និងប្រមូលព័ត៌មានសំខាន់ៗសម្រាប់ការធ្វើវិសោធនកម្មច្បាប់ សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ដោយផ្តោតលើបញ្ហាបច្ចេកវិទ្យាឌីជីថល កិច្ចការពារស្នាដៃ និងតម្រូវការថ្មីៗក្នុងបរិបទពាណិជ្ជកម្មឌីជីថល ក៏ដូចជាចូលរួមជាផ្នែកមួយក្នុងការរៀបចំឯកសារបច្ចេកទេសសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន - កាណាដា (ASEAN–Canada Free Trade Agreement – ACAFTA)។ សិក្ខាសាលានេះគឺជាឱកាសសំខាន់មួយសម្រាប់បង្កើតវេទិកាពិភាក្សា ចែករំលែកចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ស្ថាប័នឧស្សាហកម្ម និងវិទ្យាស្ថាននានា ក្នុងការអភិវឌ្ឍន៍វិស័យសិទ្ធិនិពន្ធនៅកម្ពុជា ពិសេសក្នុងបរិបទឌីជីថលបច្ចុប្បន្ន។


សូមជម្រាបថា កម្មវិធីមានការចូលរួមយ៉ាងឱឡារិក និងសកម្មពីភាគីពាក់ពន្ធ័សំខាន់ៗជាច្រើន រួមមានអ្នកជំនាញ មេធាវី កម្មសិទ្ធិបញ្ញា ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ISP មានដូចជា Cellcard, Smart, Metfone, MekongNet និងស្ថាប័នអប់រំមួយចំនួនដូចជា សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (BIU) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) និង បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





