មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបើកកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥
AKP កណ្ដាល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥--នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ និងទិសដៅការងារបន្តត្រីមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវ លឹម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក នុត ពុធដារ៉ា អភិបាលរខេត្តកណ្ដាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលជាច្រើននាក់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកជំទាវ លឹម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរសល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដែលបានយកចិត្តទុកដាក់ខិតខំអនុវត្តនូវរាល់សកម្មភាពការងារ ដែលថ្នាក់ដឹកនាំក្រសួង ក៏ដូចជារដ្ឋបាលខេត្តកណ្តាល បានប្រគល់ជូន ក្នុងគោលបំណងសំដៅ ជំរុញចក្ខុវិស័យ កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំង ផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងសុខុមាលភាព កាន់តែល្អប្រសើរ ដោយផ្តោតសំខាន់ទៅលើ៖ ការបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ ការបង្កើនសុខុមាលភាព គ្រួសារនៅជនបទ និងការអប់រំសីលធម៌សង្គម ដើម្បីឱ្យមានគុណធម៌ និងក្លាយជាពលរដ្ឋល្អ ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។

វិស័យអភិវឌ្ឍន៍ជនបទក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាពិសេសបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាចក្ខុវិស័យរបស់ក្រសួង មានកម្មវិធីអាទិភាពគន្លឹះទាំង៥គឺ៖ ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់ ទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ទី៣. ការងារអភិវឌ្ឍសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ ទី៤. លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៥. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។ ស្ថានភាពសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ បានចាប់ផ្តើមម្តងទៀត ដោយយោធាថៃវាយប្រហារមកលើអធិបតេយ្យភាពកម្ពុជាក្នុងតំបន់ជាច្រើនពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ និងជាជនស៊ីវិលបាត់បង់ជីវិត រងរបួសមួយចំនួន ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនរបស់កម្ពុជាយ៉ាងច្រើន សន្ធឹកសន្ធាប់។ ក្នុងកាលៈទេសៈស្ថានភាពដ៏លំបាកនេះ លោកជំទាវរដ្ឋលេខាធិការបានផ្តាំផ្ញើបន្ថែមជូន លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវចូលរួមអនុវត្តគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីដែលបានបញ្ជាក់ជូនដោយម៉ឺងមាត់ថា “ការកិច្ចចម្បង និងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖ ការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ។ ចូលរួមប្រឆាំងរាល់ព័ត៌មានក្លែងក្លាយគ្មានប្រភពច្បាស់លាស់ និងហាមថតរូបភាពសកម្មភាពចល័តទ័ព ចល័តសព្វាវុធ ចល័តរថយន្តដឹងស្បៀង ចៀសវាងសត្រូវចាប់បានទីតាំងនាំឱ្យគ្រោះថ្នាក់ដល់វីរកងទ័ព។ ចូលរួមកម្លាំងសាមគ្គីជាតិតាមរយៈការចូលរួមបរិច្ចាគ ថវិកា និងសម្ភារផ្សេងៗ មាន៖ អាវរងា ភួយ មុង កន្ទេល តង់ជាដើម។

លោកជំទាវបន្តថា ការគាំទ្រ និងជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងសម្តេចធិបតី និងបន្តពង្រឹងរូបរួមគ្នាក្នុងស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសយើងខ្លាំង ប្រកបដោយ ស្មារតីសាមគ្គីជាតិ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជំរុញចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ និងកិច្ចការពារ ជាតិមាតុភូមិកម្ពុជាឱ្យបានគង់វង្សជារៀងដរាប៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





