ក្រុមប្រឹក្សាខេត្តកណ្តាលបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត
AKP កណ្ដាល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥-- ឯកឧត្តម នូ សាខន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងខែវិច្ឆិកាកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្តបានចូលរួមយ៉ាងសកម្មក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តនាពេលកន្លងមកនេះ។

ការកោតសរសើរនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន៨ ដោយមានការអញ្ជើញចូលពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងក្រសួងមហាផ្ទៃ កងកម្លាំងមានសមត្ថកិច្ច ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ក្រុមប្រឹក្សាខេត្តបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី២ អាណត្តិទី៤ បានចំនួន១២ក្រុង-ស្រុករួចមកហើយ នៅសល់តែក្រុងសំពៅពូនមួយទៀតប៉ុណ្ណោះ ហើយតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ទទួលបាននូវសំណូមពរដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានយ៉ាងច្រើន ដែលតម្រូវឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែខិតខំដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ សមាជិកក្រុមប្រឹក្សាខេត្ត និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាផ្តល់ជាមតិយោបល់ និងធាតុចូលបន្ថែមទៀត ទៅលើរបៀបវារៈនីមួយៗដែលបានដាក់ឆ្លងក្រុមប្រឹក្សាដើម្បីធ្វើការពិនិត្យ និងអនុម័ត ជាពិសេសគឺការពិភាក្សា និងអនុម័ត ទៅលើតារាងសរុបផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់មន្ទីរអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការងារលទ្ធកម្ម ដែលពាក់ព័ន្ធនិងមន្ទីររបស់ខ្លួន និងបានធ្វើការក្រើនរំលឹក និងណែនាំដល់បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈធ្វើបទអន្តរាគមន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ដែលនឹងរៀបចំនាពេលខាងមុខនេះ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





