អភិបាលរងខេត្តកណ្តាលអំពាវនាវឱ្យប្រជាពលរដ្ឋចំនួន៣នៅស្រុកស្អាងទៅពិនិត្យទិន្នន័យក្បាលដីរបស់ខ្លួនដែលបានបិទផ្សាយជាសាធារណៈ រយៈពេល១៥ថ្ងៃ
AKP កណ្ដាល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥-- លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យលើទិន្នន័យក្បាលដីរបស់ខ្លួនដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវក្នុងរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ថ្ងៃបុណ្យទានផ្សេងៗ។ ការអំពាវនាវនេះបានធ្វើឡើងក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន១០ភូមិ គឺភូមិព្រែកតាពិន ភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ភូមិទួលក្តី ឃុំត្រើយស្លា ភូមិព្រែកស្លែង ភូមិវាលត្រែង ឃុំតាលន់ ភូមិលេខ១ ភូមិលេខ២ ភូមិលេខ៣ ភូមិលេខ៤ និងភូមិលេខ ៥ ឃុំប្រាសាទ ស្រុកស្អាង សរុបមានចំនួន ១០ ៦០៩ ក្បាលដី នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

លោក ហាក់ សុខមករា បានលើកឡើងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័សម្រាប់ថ្ងៃនេះ គឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដូចនេះ ប្រជាពលរដ្ឋទាំង១០ភូមិ ដែលមានក្បាលដីក្នុងបញ្ជីបិទផ្សាយ សូមទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នាដោយគិតចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ និងសូមផ្សព្វផ្សាយទៅអ្នកផ្សេងទៀត ដែលមិនបានចូលរួមឱ្យគាត់មកពិនិត្យ ព្រោះរយៈពេលនៃការបិទមានត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ។ ក្រោយការបិទផ្សាយនេះ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីទាំងអស់នឹងទទួលបានប័ណ្ណកម្មសិទ្ធិ ហើយនិងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលតាមតម្រូវការ។ ការបិទផ្សាយនៅថ្ងៃនេះ ជាដំណាក់កាលទី៣ នៃនីតិវិធី ក្រោយពីបញ្ចប់ការងារនៅវាល ចំពោះរាល់ឯកសារ និងទិន្នន័យក្បាលដីទាំងអស់ នឹងត្រូវរៀបចំដោយមន្ត្រីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រាប់រៀបចំចេញជាប្លង់សុរិយោដី និងឈ្មោះម្ចាស់ដី សម្រាប់ក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យខាងលើនេះ។

ក្នុងឱកាសនោះ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា ស្រុកស្អាងបានបិទផ្សាយរហូតមកដល់ពេលនេះបានចំនួន៥៦លើកស្មើនឹង១២០ភូមិ និងសម្រេចចេញបណ្ណបាន៨០ភូមិ ស្មើនឹង ៦៦ ១៩៩បណ្ណ រួចហើយ។ សម្រាប់ខេត្តកណ្តាលទាំងមូល បានបិទផ្សាយ ៣១៦លើក សរុប៩៧៩ភូមិ ចេញបណ្ណបាន៤៩៥ ៣៩៦បណ្ណ ហើយគ្រោងនឹងបន្តបិទផ្សាយឱ្យចប់ទូទាំងខេត្ត ចំនួន២៨ភូមិ ដែលនៅសល់រហូតដល់បំណាច់ឆ្នាំ២០២៥នេះ៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





