ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ ចុះសួរសុខទុក្ខកម្លាំងនគរបាលរងរបួស ដោយសារការប៉ះទង្គិចតាមព្រំដែន នៅមន្ទីរពេទ្យមង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥--ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសហការី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត ជូនដល់កម្លាំងនគរបាលចំនួន៧រូប ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យមង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យ។ កម្លាំងនគរបាលទាំងនេះបានរងរបួសក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហានថៃតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខនេះ ក៏មានការអមដំណើរដោយលោក ឧត្ដមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ទីកន្លែង ជាពិសេសចំពោះកងកម្លាំងដែលកំពុងឈរជើងនៅជួរមុខ ការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហានពីការឈ្លានពានរបស់សត្រូវ។

ឯកឧត្ដមក៏បានពាំនាំនូវការសួរសុខទុក្ខដោយក្ដីនឹករលឹកពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ និង បានកោតសរសើរយ៉ាងខ្លាំងចំពោះវីរភាពដ៏អង់អាចក្លាហាន របស់កងកម្លាំងនគរបាលទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្តការពារជាតិមាតុភូមិ។

ឯកឧត្ដមបានពាំនាំការសួរសុខទុក្ខ និងជូនពរពីសំណាក់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងរូបលោកផ្ទាល់ សូមជូនពរដល់កងកម្លាំងទាំង៧រូប ឆាប់បានជាសះស្បើយពីរបួស ដើម្បីវិលត្រឡប់ទៅបន្តបេសកកម្មការពារជាតិវិញ។

អំណោយដែលត្រូវបាននាំយកមកចែកជូនដល់កម្លាំងនគរបាលដែលរងរបួសទាំង៧រូប រួមមាន ថវិកា ចំនួន ២,០០០,០០០ (ពីរលាន) រៀល ក្នុងម្នាក់ មីចំនួន២កេះ ទឹកក្រូចចំនួន២កេះ ទឹកសុទ្ធ ចំនួន២កេះ ទឹកដោះគោចំនួន២កេះ។ ក្នុងនាមកងកម្លាំងនគរបាលទាំង៧ រូបដែលកំពុងព្យាបាលរបួស កងកម្លាំងម្នាក់បានសម្ដែងក្ដីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។ "យើងខ្ញុំពិតជាមានមោទនភាព និងរំភើបខ្លាំងណាស់ដែលថ្នាក់ដឹកនាំតែងតែគិតគូរដល់សុខទុក្ខរបស់ពួកយើងដែលជាកូនចៅ។ ការចុះសួរសុខទុក្ខ និងអំណោយដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចិត្តដ៏ធំធេងដែលជំរុញឱ្យយើងខ្ញុំកាន់តែមានស្មារតីរឹងមាំ និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តបំពេញតួនាទីជាកងកម្លាំងការពារជាតិមាតុភូមិ ទោះបីជាត្រូវលះបង់អ្វីក៏ដោយ។ យើងខ្ញុំសូមជូនពរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទទួលបាននូវពរជ័យគ្រប់ប្រការ។" កម្លាំងនគរបាលម្នាក់ដែលរងរបួស បានបញ្ជាក់៕
ដោយ ឈុន សារ៉ាត





