ឯកឧត្តមបណ្ឌិត នាង ផាត៖ ស្ថិរភាពនៅមូលដ្ឋាន គឺជាកត្តាមួយសំខាន់បំផុត
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្នុងបរិបទពិភពលោកបច្ចុប្បន្នដែលមានភាពស្មុគស្មាញ មិនប្រាកដប្រជា និងជាពិសេសជម្លោះព្រំដែនដែលមិនទាន់ដោះស្រាយរួច ស្ថិរភាពនៅមូលដ្ឋាន គឺជាកត្តាមួយសំខាន់បំផុត។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត នាង ផាត យ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តមបានបន្តថា ទោះបីជាស្ថានភាពតំបន់ និងសកលលោកមានការប្រែប្រួលយ៉ាងណាក៏ដោយ ភាពខ្លាំងរបស់កម្ពុជា គឺស្ថិតនៅលើការរួបរួមគ្នា ឯកភាពរវាងថ្នាក់ដឹកនាំជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ កាលណាឃុំ សង្កាត់ មានដំណើរការបានល្អ សេវាសាធារណៈកាន់តែប្រសើរ ប្រជាពលរដ្ឋនឹងមានអារម្មណ៍កក់ក្តៅ ហើយជំនឿទុកចិត្តលើរាជរដ្ឋាភិបាលក៏កាន់តែរឹងមាំ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសន្តិភាព ស្ថិរភាព វិមជ្ឈការ និងការអភិវឌ្ឍប្រកបដោយចីរភាព ប៉ុន្តែការប្តេជ្ញាចិត្តនេះអាចសម្រេចទៅបានលុះត្រាតែមានការចូលរួមយ៉ាងសកម្ម និងការលះបង់ពីសំណាក់បងប្អូននៅតាមមូលដ្ឋានផងដែរ។


ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានលើកឡើងថា ខេត្តមានសន្តិសុខល្អប្រសើរ ទាំងសន្តិសុខសង្គម និងសន្តិសុខនយោបាយ។ ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជាប្រចាំចំពោះបទល្មើសគ្រប់ប្រភេទដោយអាចគ្រប់គ្រងបាន ជាពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ត្រូវបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត។ ការផ្ដល់សេវាសាធារណៈ សេវារដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងតាមយន្តការច្រកចេញតែមួយឃុំ សង្កាត់កាន់តែមានភាពឆាប់រហ័ស និងស័ក្ដិសិទ្ធភាព ព្រមទាំងឆ្លើយតបបានទាន់ពេលវេលាស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលខេត្តបានជំរុញ និងសហការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដោយមានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ព្រមទាំងវេទិកាភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានយ៉ាងទៀងទាត់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





