រដ្ឋមន្ត្រីក្រសួងអប់រំដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធអប់រំនៅរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ -- នៅទីស្ដីការក្រសួង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធអប់រំនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលដៅជំរុញការអនុវត្តយន្តការពិនិត្យ តាមដាន និងវាយតម្លៃជាប្រចាំ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ឆ្លើយតបតម្រូវការអាទិភាព ដោយកិច្ចប្រជុំបានពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ និងបញ្ជីឈ្មោះសាលាអាទិភាពដែលបានដាក់បញ្ចូលក្នុងផែនការសាងសង់។

បន្ទាប់ពីស្តាប់បទបង្ហាញស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធអប់រំនៅរាជធានីភ្នំពេញ និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុលរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបន្តពិនិត្យតានដានផែនទីបង្ហាញផ្លូវជាប្រចាំ ដោយត្រូវពង្រឹងការប្រមូលទិន្នន័យសាលារៀន ដើម្បីកែលម្អបរិយាកាសសិក្សា ដឹងច្បាស់ពីសាលាដែលត្រូវបំពាក់ឧបករណ៍បរិក្ខារ បន្ទប់កុំព្យូទ័រ និងជ្រុងអំណាន ឬបណ្ណាល័យ និងតម្រូវការជាក់ស្តែងផ្សេងៗទៀត។ បន្ថែមពីនេះ សូមក្រុមការងារតាមជំនាញបន្តយកចិត្តទុកដាក់សហការគ្នាអនុវត្តផែនការសកម្មភាពការងារអាទិភាពឱ្យបានល្អប្រសើរ ដោយត្រូវបន្តការជួបប្រជុំពិនិត្យ ពិភាក្សា ឱ្យបានទៀងទាត់ដើម្បីកំណត់បញ្ហាប្រឈម ចុះទៅពិនិត្យដោយផ្ទាល់ដល់ទីតាំងសាលារៀន និងបន្តពង្រឹងយន្តការអធិការកិច្ច ស្វែងយល់លម្អិតពីឫសគល់បញ្ហា ដើម្បីធ្វើការវិភាគស៊ីជម្រៅឈានទៅដាក់ចេញវិធានការឆ្លើយតបមានប្រសិទ្ធភាព និងចំគោលដៅ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





