ក្រុមបាល់ទាត់នារីវិសាខាចេញទៅបោះជំរំហ្វឹកហាត់ នៅវៀតណាម ត្រៀមលីគនារី រដូវកាលថ្មី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦--ក្រុមបាល់ទាត់នារី វិសាខា បានចេញទៅបោះជំរុំហ្វឹកហាត់ នៅប្រទេសវៀតណាម រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងគុណភាពបច្ចេកទេស ត្រៀមការប្រកួតលីគបាល់ទាត់នារីកម្ពុជា រដូវកាលថ្មី។

មន្ត្រីក្លឹបបាល់ទាត់វិសាខាបានឱ្យដឹងថា នេះជាលើកដំបូង ដែលក្រុមបាល់ទាត់នារីវិសាខាបានបោះជំរំហ្វឹកហាត់ក្រៅប្រទេស បន្ទាប់ពីទទួលបានត្រឹមជើងឯករង ២សម័យជាប់ៗគ្នា ក្នុងការប្រកួតជម្រើសជើងឯកលីគនារី ឆ្នាំ២០២៤ និងឆ្នាំ២០២៥។ តាមគម្រោងក្រៅពីការហ្វឹកហាត់ ក្រុមឈរជើងក្នុងក្របខ័ណ្ឌលីគនារីកម្ពុជាប្រកបដោយសក្តានុពលមួយនេះក៏នឹងមានការប្រកួតមិត្តភាពមួយចំនួនផងដែរ។ នៅក្នុងការបោះជំរំហ្វឹកហាត់នៅទឹកដីប្រទេសវៀតណាមនេះ ក្រុមវិសាខាបានប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយក្រុមបាល់ទាត់នារី Ho Chi Minh City ដែលជាប្រកួតមិត្តភាពទី១។

គួររម្លឹកថា ការប្រកួតបាល់ទាត់លីគនារី រដូវកាល ២០២៥ កន្លងទៅមាន៨ក្រុមចូលរួមប្រជែងជើងឯក ដោយប្រើប្រាស់រយៈពេល១៤សប្តាហ៍ ក្នុងនោះក្រុមជើងឯកគ្រប់គ្រងដោយក្រុមភ្នំពេញក្រោនជាមួយ៤២ពិន្ទុ ក្រុមវិសាខា ទទួលបានជើងឯករងមាន៣៤ពិន្ទុ ខណៈក្រុមណាហ្គាវើលដ៍ទទួលបានចំណាត់ថ្នាក់លេខ៣ជាមួយនឹង២៥ពិន្ទុ៕


ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបបាល់ទាត់វិសាខា)





