ឧត្តមសេនីយ៍ទោ ចន ចាយឱ្យនាយទាហាន ពលទាហានបន្តខិតខំអនុវត្តន៍ការងារឆ្នាំ២០២៦ ឱ្យបានល្អប្រសើរតាមផែនការ និងបទបញ្ជាមេបញ្ជាការប្រគល់ជូន
AKP ភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦--ប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២៦ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី យោធភូមិភាគទី១ នាថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចន ចាយ មេបញ្ជាការរង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានថ្លែងនូវការកោតសរសើរ ចំពោះលទ្ធផល ជាស្នាដៃលេចធ្លោ របស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងអង្គភាព តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ដែលសំរេចបាន ក្នុងឆ្នាំ ២០២៥ កន្លងមក គួរជាទីមោទនភាពយ៉ាងក្រៃលែង។

ឧត្តមសេនីយ៍ទោ ចន ចាយ បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖
១. កងទ័ព ត្រូវគោរពបទញ្ជារបស់ថ្នាក់លើ ។
២. ត្រូវគ្រប់គ្រងចំនួនទ័ព គ្រប់គ្រង់ អាវុធយុទ្ធភ័ណ្ឌ គ្រឿងបំពាក់ ឲ្យបានណែន ។
៣. ពង្រឹងវិន័យកងទ័ពឲ្យបាន ម៉ឺងម៉ាត់ ពង្រឹងការសាមគ្គីជាមួយមិត្តរួមអាវុធ ជាពិសេសសាមគ្គីជា មួយប្រជាពលរដ្ឋ ដែលរស់ នៅជុំវិញមូលដ្ឋានដែលអង្គភាពឈរជើង ។
៤. បណ្តុះនូវមនសិការស្នេហាជាតិ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើមប្បីបុព្វហេតុ ជាតិមាតុភូមិ។
៥. ខិតខំហ្វឹកហ្វឺនរៀនសូត្រ ទាំង យុទ្ធវិធី បច្ចេកទេស អប់រំនយោបាយសតិអារម្មណ៍ ដើម្បីលើកកម្ពស់ សមត្ថភាព របស់យោធិនគ្រប់រូប ។
៦. សហការល្អជាមួយ កម្លាំង មានសមត្ថកិច្ច និង អាជ្ញាធរដែនដី ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ មូលដ្ឋាន សហការជាមួយកម្លាំងមានសមត្តកិច្ចចូលរួមសង្គ្រោះប្រជាពលរដ្ឋជួប គ្រោះមហន្តរាយដោយ ធម្មជាតិ។
៧. ជាពិសេសត្រូវជៀសវាងដាច់ខាតចំពោះគ្រឿងញៀន និងការប្រព្រឹត្តនូវបទល្មើសនានា ខុសនិងច្បាប់រដ្ឋ ។
៨.យកចិត្តទុកដាក់ ការបង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វចំណែកលើក ស្ទួយជីវភាពរស់នៅរបស់ កងទ័ព ឲ្យបានល្អប្រសើរ.
៩.យកចិត្តទុកដាក់ថែ រក្សាសុខភាព ជូនយោធិនក្រោមឱវាទឲ្យបានល្អ ដើម្បីធានា កម្លាំងប្រយុទ្ធ ត្រៀមប្រយុទ្ធ និងបំពេញភារកិច្ច សំរេចតាមផែនការ និង បទបញ្ជារបស់ថ្នាក់លើ ។
១០.ត្រូវគោរពអនុវត្តន៍ អភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចន ចាយ បានបន្តផ្ដាំផ្ញើរដល់នាយទាហាន នាយទាហានរង និងពលទាហាន បន្តខិតខំអនុវត្តន៍ ការងារឆ្នាំ២០២៦ ឱ្យបានល្អប្រសើរតាមផែនការ និងបទបញ្ជាមេបញ្ជាការយោធភូមិភាគទី១ ប្រគល់ជូន៕
ដោយ សំ សាម៉ន (ប្រភព៖អង្គភាព តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី យោធភូមិភាគទី១)





