ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ១២គ្រួសារ នៅឃុំស្វាយទាប ក្នុងស្រុកចំការលើទទួលបានអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី០៤ខែមីនាឆ្នាំ២០២៦---
ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះ ធម្មជាតិ ខ្យល់កន្ត្រាក់ ចំនួន១២គ្រួសារ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាមបាន ទទួលអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា នារសៀល ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦ តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងប្រធានគណៈកម្មាធិការសាខា ។
ក្នុងឱកាស ជួបសំណេះសំណាលជាមួយបងប្អូនក្រុមគ្រួសាររងគ្រោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងប្រធានគណ:កម្មាធិការសាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយ ដែលបង្កឡើងដោយធម្មជាតិ និងបានពាំនាំនូវការសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ប្រមុខថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។


ឯកឧត្តម អ៊ុន ចាន់ថា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ឧបទ្ទវហេតុផ្សេងៗដែលកើតឡើងជាយថាហេតុ ពិសេស គ្រោះអគ្គីភ័យព្រោះ រដូវនេះជារដូវក្តៅ ហើយនៅពេលមានភ្លៀង តែងតែមាន ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ត្រូវពិនិត្យត្រូវតែមានប្រុងប្រយ័ត្នខ្ពស់និងថែទាំចំពោះសុខភាពផងដែរ។
ចំពោះអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយក្នុង ១គ្រួសារ ទទួលបាន៖
អង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ -ទឹកត្រី ១យួរ- ទឹកស៊ីអ៊ីវ ១យួរ និង ឃីត ១សម្រាប់ ។ ចំពោះ ថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង ពី ៣០០,០០០ រៀល ដល់ ១០០,០០០រៀល ៕


ដោយ ៖ ឆាយ ម៉ុត





