កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦
AKPភ្នំពេញថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៦– កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦ បានចាប់ផ្តើមបើកជាផ្លូវការជាមួយនឹងវគ្គជម្រុះជុំទី១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥ និងថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ ដោយមានបេក្ខជន បេក្ខនារីតំណាង៣២វិទ្យាល័យមកពីរាជធានី/ខេត្តទាំង២៥ និងតំណាងស្ថាប័នចំនួន៣គឺ កាយឫទ្ធិជាតិកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជា និងកាកបាទក្រហមកម្ពុជាចូលរួមប្រកួតជម្រុះយក១៦ក្រុម ដើម្បីបន្តទៅវគ្គបន្ទាប់។

ក្នុងពិធីបើកកម្មវិធីនេះ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសាទរចំពោះនាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦នេះឡើង ខណៈដែលកម្មវិធីមួយនេះកំពុងមានវិសាលភាពដល់កម្រិតរាជធានី/ខេត្ត និងបានឈានដល់កម្រិតសាលារៀនផងដែរ។ កម្មវិធីនេះមិនគ្រាន់តែជាការប្រកួតប្រជែងវោហាស័ព្ទប៉ុណ្ណោះទេ តែជាវេទិកាសម្រាប់យុវជនក្នុងការបណ្តុះគំនិតបង្ហាញហេតុផលប្រកបដោយព័ត៌មាន ការស្តាប់ដោយយកចិត្តទុកដាក់ ការនិយាយដោយសេចក្តីថ្លៃថ្នូរ និងការគោរពមតិយោបល់គ្នាទៅវិញទៅមក ថែមទាំងពង្រឹងបណ្តាញទំនាក់ទំនងល្អរវាងយុវជន និងយុវជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដូចពាក្យស្លោកមួយពោលថា «យុវជនជជែកដេញដោល យុវជនពង្រឹងបញ្ញា យុវជនកសាងអនាគត»

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ គឺជាកម្មវិធីដ៏សំខាន់មួយ ដែលរៀបចំឡើងក្នុងគោលបំណងបណ្តុះយុវជនឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល និងចូលរួមដោះស្រាយបញ្ហាផ្សេងៗ ដូចពាក្យមួយឃ្លាពោលថា «ទស្សនៈខុសគ្នាគឺជាទ្រព្យសម្បិត្តិ ប្រាជ្ញារួមគ្នា គឺជាកម្លាំងកសាងជាតិ» បណ្តុះឱ្យយុវជនចេះសម្លឹងមើលបញ្ហាមួយក្នុងរូបភាពច្រើនជ្រុង និងដោះស្រាយដោយហេតុផល ពង្រឹងជំនាញនៃការត្រិះរិះពិចារណាដល់យុវជនចេះគិតមុននឹងជឿ និងការសិក្សាស្រាវជ្រាវការចែករំលែកគំនិត ជំនាញក្នុងការនិយាយសាធារណៈ ផ្តល់ឱកាសឱ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងការជជែកដេញដោលដើម្បីបង្កើតសង្គមពុទ្ធិក្នុងសមរភូមិគំនិត និងស្វែងរកសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា បង្កើនបណ្តាញទំនាក់ទំនងល្អរវាងយុវជន និងយុវជន ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាក្នុងតម្លៃមិត្តភាព បណ្ដុះគំនិតយុវជនខ្មែរឱ្យមានភាពក្លាហាន បញ្ចេញមតិប្រកបដោយក្រមសីលធម៌ និងចំណេះដឹងពិតប្រាកដ បណ្ដុះសមត្ថភាពក្នុងការជជែកដេញដោលដោយសន្តិសហវិជ្ជមាន បង្កើតជាថ្នាលសម្រាប់យុវជនហាត់ការឱ្យរឹងមាំ មានភាពចាស់ទុំនៃគំនិត និងចេះគិតយ៉ាងហ្មត់ចត់ ភាពជាអ្នកដឹកនាំ និងការពង្រីកទស្សនៈរបស់ខ្លួនចាប់ពីការអប់រំរហូតដល់អាជីព៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





