បាល់ទះ «តេជោលីគ» ២០២៦ បង្កើនប្រាក់រង្វាន់ដល់ជាង ១០០លានរៀល ខណៈកីឡាករបរទេសអាចលេងលើទីលានបាន៣នាក់
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦--ការប្រកួតកីឡាបាល់ទះ ពានរង្វាន់ «តេជោលីគ» (Techo Volleyball Cambodia League) លើកទី៣ រដូវកាល២០២៦នេះគ្រោងនឹងដំណើរការជាផ្លូវការពីចាប់ពីថ្ងៃទី១៦ ខែឧសភាតទៅជាមួយនឹងការបង្កើនប្រាក់រង្វាន់រហូតដល់ជាង ១០០លានរៀល ខណៈក្លឹបនីមួយៗអាចចុះឈ្មោះកីឡាករបរទេសបានសរុប ៧នាក់ ហើយកីឡាករបរទេសអាចលេងលើទីលានបាន៣នាក់។

នេះជាការគូសបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ សន្និសីទនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសហព័ន្ធ អ្នកឧបត្ថម្ភគាំទ្រ លោក Frank Josef Brune Brew Master of Ganzberg Beer អ្នកសារព័ត៌មាន ព្រមទាំងប្រតិភូ គ្រូបង្វឹក និងកីឡាករមកពីសមាគម-ក្លឹបកីឡាបាល់ទះចំនួន ៨ក្រុម។

លោកបណ្ឌិតអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានគូសបញ្ជាក់ថា តាមរយៈកែសម្រួលនូវលក្ខន្តិកៈ និងការបង្កើនប្រាក់រង្វាន់រហូតដល់ជាង ១០០លានរៀលនេះនឹងជំរុញឱ្យព្រឹត្តិការណ៍កីឡាបាល់ទះកម្រិតខ្ពស់ជាងគេរបស់កម្ពុជាមួយនេះកាន់តែមានភាពស្វិតស្វាញ រំភើប និងទាក់ទាញ ដោយមានការចូលរួមពីកីឡាករកម្ពុជា និងកីឡាករបរទេសដែលមានគុណភាពខ្ពស់ ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែរីកចម្រើន និងឈានទៅកាន់កម្រិតអន្តរជាតិ។ សម្រាប់ប្រាក់រង្វាន់ជាង ១០០លានរៀលនៃ តេជោលីគនេះ នឹងបែងចែកដល់ក្លឹបចូលរួមប្រជែងជើងឯកទាំង៨ ដោយជុំទី១ ក្រុមនីមួយៗទទួលបាន ១លានរៀល ហើយក្រុមលេខ១ ក្នុងជុំទី១ និងជុំទី២នឹងទទួលបានរង្វាន់បន្ថែមផងដែរ។

លោកបណ្ឌិតបានពន្យល់ថា បណ្តាក្លឹបទាំង៨ គឺបាន ១លានរៀលដូចៗគ្នា ក្នុងជុំទី១ ហើយនៅជុំទី២ (៦ក្រុម) បាន២លានរៀល ក្នុង១ក្រុម ខណៈជុំទី៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ថែម ៤លានរៀល។ ក្រុមលេខ១ ជុំទី១ បានប្រាក់រង្វាន់បន្ថែម ៤លានរៀល ដោយក្រុមណាឈរលេខ១ ក្នុងពូលរបស់ខ្លួននឹងកើនឡើងនូវប្រាក់សន្សំរបស់ខ្លួន ហើយនៅជុំទី២ ក្រុមណាឈរលេខ១ ក៏ទទួលបានប្រាក់សន្សំ ៤លានរៀលបន្ថែម។ ចំពោះវគ្គផ្តាច់ព្រ័ត្រមានប្រាក់រង្វាន់ ៦០លានរៀល ហើយបើបូកប្រាក់សន្សំលេខ១ ជុំទី១ និងជុំទី២ទៀត សរុប រហូតដល់ ៦៨លានរៀល។

ចំពោះលក្ខន្តិកៈ ដែលកែសម្រួលនោះ គឺនៅជុំទី១ ក្លឹបនីមួយៗអាចទិញកីឡាករបរទេស៧នាក់ ប៉ុន្តែលទ្ធភាពការដោះដូរកីឡាករបរទេសលើទីលានបានត្រឹម ៣នាក់ ដោយការប្រកួតនៅលើទីលាន គឺមានកីឡាករខ្មែរ៣នាក់ និងកីឡាករបរទេស៣នាក់។ ក្រោយប្រកួតសន្សំពិន្ទុជុំទី១ គឺ២ក្រុមបាតតារាងនឹងត្រូវកាត់ចោល ដោយយកតែ៦ក្រុមខ្លាំងៗឡើងទៅប្រកួតនៅជុំទី២។ ការប្រកួតនៅជុំទី២ ដែលការសម្រាកមានរយៈពេល២សប្តាហ៍នោះ គឺអាចដោះដូរសមាសភាពកីឡាករបាន ក្នុងនោះកីឡាករនៃ២ក្រុមដែលធ្លាក់ចេញពីការប្រកួតនៅជុំទី១ គឺក្លឹបទាំង៦ ដែលឡើងលេងជុំទី២ ក៏បានចរចារយកកីឡាករពីក្លឹបនោះយកមកជួយពង្រឹងការប្រកួតរបស់ខ្លួនបានផងដែរ ដោយចេតនាតែមួយគត់បែបនេះ គឺសហព័ន្ធចង់ផ្តល់ឱកាសដល់ក្លឹបពង្រឹងគុណភាព និងផ្តល់ផលប្រយោជន៍ដល់កីឡាករ និងក្លឹបនានា។
គួរបញ្ជាក់ថា ការប្រកួត តេជោលីគ ធ្វើឡើងនៅទីលានវិមានពហុកីឡដ្ឋានជាតិ ដោយជុំទី១ ចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ខណៈជុំទី២ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦។ ក្រុមទាំង៨ចូលរួមប្រជែងជើងឯក រួមមាន៖ ក្រុមការពារជើងឯក ២រដូវកាល ក្រុមបញ្ជាការដ្ឋានអង្គរក្ស វិសាខា ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងពលធំអន្តរាគមន៍លេខ៣ ស្នងការដ្ឋាននគរបាលខេត្តកោះកុង និងក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕
ដោយ ហេង ណាលីន





