ឯកឧត្តម ឆាយ ឫទ្ធិសែនយកអំណោយជូនដល់នាយ-ពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអតីតយុទ្ធជននិវត្តជន
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធី សំណេះសំណាល ជាមួយ នាយ-ពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង អតីតយុទ្ធជន និវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធាន សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំង ឯកឧត្តម អស់លោក ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សរុបចំនួន ១៦០នាក់ ។

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនុប្រធានប្រចាំការ អ.ន.ក ខេត្ត បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ដែលបានឆ្លៀតពីការងារមមាញឹក អញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខ នាយ-ពលទាហាន ក៏ដូចជាបងប្អូនអតីតយុទ្ធជន និង និវត្តជន ខេត្តកំពង់ឆ្នាំង នាឱកាសនេះ ។

អញ្ជើញមានមតិសំណេះសំណាល និង ផ្តាំផ្ញើ នាពេលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បាននាំយកនូវប្រសាសន៍នឹករលឹក ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ នាយ-ពលទាហាន និង បងប្អូនអតីតយុទ្ធជន និវត្តជន ទាំងអស់ ។ ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្នុងការចូលរួមសហការបង្ក្រាបបទល្មើសនេសាទ ការចុះជួយប្រជាពលរដ្ឋ ជួបការលំបាក និង រងគ្រោះដោយគ្រោះមហន្តរាយនានា កន្លងមក ។

ស្ថិតក្នុងឱកាសនេះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ឧបត្ថម្ភដល់សមាជិកក្នុងកម្មវិធី ។
អំណោយទាំងនោះ រួមមាន៖
-អង្ករ ២,៥០០គីឡូក្រាម
-មី ១០០កេស
-ត្រីខ ១០០យួរ
-ទឹកត្រី ១០០យួរ
-ទឹកស៊ីអ៉ីវ ១០០យួរ
-ថវិកា ៥លានរៀល ។ដោយសំ សាម៉នប្រភពបញ្ជាការដ្ឋានកងទ័ពជើងគោក៕
ដោយ៖ សាម៉ន ហ្គោ





