មិនទុកពលរដ្ឋភៀសសឹកចោលឡើយ! ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះពង្រឹងស្មារតី និងជំរុញការអប់រំដល់កូនចៅពលរដ្ឋជាង ៣០០០គ្រួសារ នៅស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងអនាគតកូនចៅប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំសហការីចុះសួរសុខទុក្ខដោយផ្ទាល់ដល់សាលារៀនបណ្តោះអាសន្ន ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ការចុះជួបសំណេះសំណាលនេះ ធ្វើឡើងនៅទីតាំងផ្ទះបណ្តោះអាសន្ន ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានសាងសង់ជូនប្រជាពលរដ្ឋភៀសសឹកប្រមាណជាង ៣,០០០គ្រួសារដើម្បីធានាថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ការរស់នៅ និងការសិក្សារបស់កុមារៗមិនត្រូវបានរអាក់រអួលឡើយ។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្មួយៗសិស្សានុសិស្សទាំងអស់។ ឯកឧត្តមបានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្ត បង្រៀនសិស្សានុសិស្សនៅក្នុងស្ថានភាពបណ្តោះអាសន្ននេះ។

"ទោះបីយើងស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ កិច្ចការអប់រំមិនអាចបង្អង់បានឡើយ។ ខ្ញុំសូមសរសើរលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀន ដើម្បីបន្តធានាមូលធនមនុស្ស ក្លាយជាយុវជនល្អប្រកបដោយគុណភាពសម្រាប់សង្គមជាតិយើង"។ នេះជាប្រសាសន៍លើកទឹកចិត្តរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។
ទន្ទឹមនឹងការចុះពិនិត្យស្ថានភាពជាក់ស្តែង ឯកឧត្តម គន់ គីម ក៏បានផ្តល់ជាឱវាទយ៉ាងម៉ឺងម៉ាត់ដល់ចៅៗសិស្សានុសិស្សឱ្យយល់ច្បាស់ពីតម្លៃនៃចំណេះដឹងការតស៊ូ ទោះរៀនក្នុងសាលាបណ្តោះអាសន្ន ប៉ុន្តែចំណេះដឹងដែលទទួលបានគឺពិតប្រាកដ។មានតែការខិតខំរៀនសូត្រឱ្យបានពូកែប៉ុណ្ណោះ ទើបអាចកសាងអនាគតដ៏ប្រសើរសម្រាប់ខ្លួនឯង គ្រួសារ និងក្លាយជាសសរទ្រូងនៃសង្គមជាតិ។

គួររម្លឹកផងដែរថា សកម្មភាពចុះសួរសុខទុក្ខនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ធ្វើឡើងបន្ទាប់ពីមួយសប្តាហ៍ក្រោយនៃការប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជនក្នុងខេត្តចំនួន៥។
សកម្មភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមតែគិតគូរលើការផ្តល់ជម្រកស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ដល់ "ការកសាងធនធានមនុស្ស" ទោះស្ថិតក្នុងតំបន់ភៀសសឹកក៏ដោយ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបានបោះបង់ចោលការសិក្សានោះឡើយ៕

ដោយ ឈុន សារ៉ាត





