បញ្ញាសិប្បនិម្មិត(AI)គឺជា "ជំនួយការឆ្លាតវៃ" ដែលមិនអាចខ្វះបានសម្រាប់គ្រូបង្រៀនសម័យថ្មី
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ក្នុងយុគសម័យបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI) មិនមែនជាបញ្ហាប្រឈមទៀតឡើយ ប៉ុន្តែវាគឺជា "ជំនួយការឆ្លាតវៃ" ដែលមិនអាចខ្វះបានសម្រាប់គ្រូបង្រៀនសម័យថ្មី។ ក្រសួងបានដាក់ចេញនូវវគ្គសិក្សាមគ្គុទេសក៍ជំនួយការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI សម្រាប់គ្រូបង្រៀន ដើម្បីជួយឱ្យការអប់រំនៅកម្ពុជាដើរទាន់និន្នាការសកល និងជំរុញការអប់រំ STEM ឱ្យកាន់តែប្រសើរឡើង ដោយសិក្សាតាមរយៈ៖https://link.moeys.gov.kh/Guidelin_AI_Teachers ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា អ្វីដែលលោកគ្រូ អ្នកគ្រូនឹងទទួលបានពីវគ្គសិក្សា/មគ្គុទេសក៍នេះ រួមមាន៖ បច្ចេកទេសប្រើប្រាស់ AI: ចេះប្រើ Google Gemini និង NotebookLM សម្រាប់ការងារប្រចាំថ្ងៃ។ ការសរសេរ Prompt : រៀនពីរបៀបបញ្ជា AI ឱ្យជួយរៀបចំកិច្ចតែងការបង្រៀន បង្កើតវិញ្ញាសាប្រឡង និងបង្កើតវីដេអូអប់រំខ្លីៗ។ បង្កើនអន្តរកម្មក្នុងថ្នាក់: វិធីសាស្ត្របង្រៀនបែបសិស្សមជ្ឈមណ្ឌល ដោយប្រើឧបករណ៍ AI ទំនើបៗ។
ក្រមសីលធម៌ និងសុវត្ថិភាព ការប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ និងការពារឯកជនភាព។ តែទោះជាយ៉ាងណាក្រសួងអប់រំ យុវជន និងកីឡាបានអះអាងថា AI មិនមែនមកជំនួសតួនាទីគ្រូបង្រៀនឡើយ ប៉ុន្តែគ្រូដែលចេះប្រើ AI នឹងក្លាយជាគ្រូដែលដឹកនាំការផ្លាស់ប្តូរ៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





