ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ដើម្បីប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញនីតិកាលទី៥
AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ -- ព្រឹទ្ធសភា បានកំណត់ យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕


ដោយ៖ ជឹម ណារី





