ឯកឧត្តម ប៉ែន បូណា សង្ខេបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍
AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦-
នៅព្រឹកថ្ងៃអាទិត្យនេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្ខេបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ដែលមានមាតិកាតាមលំដាប់លំដោយដូចខាងក្រោម៖
ទី១៖ ពិធីអបអរសាទរខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានប្រារព្ធឡើងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៊ិច១៦ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ការប្រារព្ធទិវានេះធ្វើឡើងក្នុងស្មារតីសម្តែងការចងចាំជានិច្ចចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តម និងវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិដើម្បីរំដោះជាតិមាតុភូមិចេញពីកណ្ដាប់ដៃនៃរបប ប៉ុល ពត។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកូនខ្មែរត្រូវចងចាំគឺ៖ ពីការសម្រេចចិត្តចេញដំណើរឆ្ពោះទៅរំដោះជាតិនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ទម្រាំឈានដល់ការរំដោះប្រទេសចេញពីរបបវាលពិឃាតបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាដំណាក់កាលដែលពោរពេញដោយគ្រោះថ្នាក់ដែលទាមទារភាពអង់អាចក្លាហាននិងការលះបង់ខ្ពស់បំផុត ពោលគឺត្រូវដាក់ជីវិតធ្វើដើមទុនដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ រឿងរ៉ាវបែបនេះដែលគេធ្លាប់លឺតែក្នុងរឿងព្រេងនិទាន ប៉ុន្តែវាជារឿងពិតដែលកើតមានជាក់ស្តែងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរបេសកកម្មរបស់ថ្នាក់ដឹកនាំរៀមច្បងនៃយើង ក៏មិនមែនបញ្ចប់ត្រឹមការរំដោះជីវិតនោះដែរ ប៉ុន្តែការស្តារប្រទេសឡើងវិញពីគំនរផេះផង់ ពីឆ្អឹងភ្នំ ស្ទឹងឈាម និងសមុទ្រទឹកភ្នែក ដែលជាកាកសំណល់នៃភ្លើងសង្គ្រាមនិងការបែកបាក់ជាតិ រាប់ទសវត្សរ៍ រហូតនាំប្រទេសឱ្យស្គាល់សុខសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលបើកឱកាសឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍរីកចម្រើនក្នុងសម័យទំនើបដូចបច្ចុប្បន្ន គឺជាដំណាក់កាលដ៏លំបាកលំបិនមួយទៀត ដែលមិនមែននរណាក៏អាចធ្វើបាននោះឡើយ តែវាជាលទ្ធផលដែលកើតចេញពីការលះបង់ខ្ពស់បំផុត និងការដឹកនាំប្រកបដោយបញ្ញាញាណ ទាំងនៅក្នុងក្របខណ្ឌនយោបាយជាតិ និងលើឆាកអន្តរជាតិ។ នេះហើយជាព្រឹត្តិការណ៍ដែលកូនខ្មែរគ្រប់រូបត្រូវចងចាំសច្ចៈធម៌ប្រវត្តិសាស្ត្រអតីតកាល និងចងចាំនូវការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំរៀមច្បង ទម្រាំមានអ្វីៗដូចសព្វថ្ងៃ។
ទី២៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជំទាស់ជាផ្លូវការនឹងកងកម្លាំងប្រដាប់អាវុធថៃដែលបានលើកដងទង់ជាតិនិងបង្ហូតទង់ជាតិថៃនៅក្នុងទឹកដីកម្ពុជានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងការដុតបំផ្លាញឃ្លាំងមួយស្ថិតនៅក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋាន Royal O Smach ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ។ កម្ពុជាក៏បានតវ៉ាជំទាស់នឹងការសាងសង់របងបេតុងនៅក្នុងតំបន់ប្រាសាទតាក្របី ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យដែរ។
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា នេះជាការរំលោភយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដូចដែលបានកំណត់ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពទាំងនេះផ្ទុយនឹងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងខ្លឹមសារនិងស្មារតីនៃមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជានិងថៃ ហើយកម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនណាមួយដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ឬការទាមទារទឹកដីដោយឯកតោភាគី ពីសំណាក់ប្រទេសថៃនោះឡើយ។
ទន្ទឹមនឹងនេះ គណៈកម្មការ JBC ភាគីកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានផ្ញើកំណត់ទូតថ្មីមួយទៀត ដោយស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។ កំណត់ទូតថ្មីនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មការ JBC ភាគីកម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនលើករួចមកហើយទៅកាន់គណៈកម្មការ JBC ភាគីថៃ ប៉ុន្តែភាគីថៃបានស្នើសុំលើកពេលជាបន្តបន្ទាប់ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។ ការអូសបន្លាយពេលនៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC ក្នុងការបន្តចុះវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុតព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ កម្ពុជាក៏បានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឯកតោភាគី នៅក្នុងតំបន់ដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា។
ទី៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ពីថ្ងៃទី១៧ ដល់ ១៨ ខែមិថុនា និងបានជួបពិភាក្សាការងារជាមួយឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ី។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី ដែលឈានដល់ខួបទី៧០ឆ្នាំ និងបានសង្កត់ធ្ងន់លើគុណភាពនៃទំនាក់ទំនងដែលក្នុងរយៈពេល៧០ឆ្នាំមកនេះ ប្រទេសទាំងពីរតែងឈរនៅជាមួយគ្នា។ ដូច្នេះ ជំនួបនេះក៏ជាឱកាសដែលភាគីទាំងពីរសម្លឹងមើលទៅមុខក្នុងទិសដៅរួមគ្នាសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
ទី៤៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅសប្តាហ៍នេះបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងសួរសុខទុក្ខជនភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងតំបន់ច្រកអន្តរជាតិជាំ និងតំបន់ដែលរងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តំបន់ដែលបានរងការវាយប្រហារ និងរាយបន្លាលួសដើម្បីកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ។
ស្ថានភាពជាក់ស្តែងនៅក្នុងតំបន់ដែលក្រុមអ្នកសង្កេតការណ៍អាស៊ានទៅដល់បានគូសបញ្ជាក់ពីភាពចាំបាច់មិនអាចបង្អែរបង្អង់បាននៃការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

ដោយ៖ គង់ សិរីរ័ត្ន





