CDC បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣
AKP ភ្នំពេញថ្ងៃទី១០ ខែកមរា ឆ្នាំ ២០២៥ -- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣ ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.)។

គោលបំណងចម្បងៗនៃកិច្ចប្រជុំ រួមមាន៖ ទី១. ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាង របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ ២០២១-២០២៣, ទី២. ពិនិត្យ និងផ្តល់អនុសាសន៍ជំរុញការអនុវត្តវិធានការដែលនៅសេសសល់និងមាន ភាពយឺតយ៉ាវ, និងទី៣. ផ្តល់អនុសាសន៍ណែនាំក្នុងការត្រៀមរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយ IDP។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ក៏បានគូសរំលេចពីចំណុចសំខាន់ៗមួយចំនួន រួមមាន៖ សាវតារនៃការរៀបចំគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥, ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលផ្តោតលើការជំរុញ កែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្ម ឧស្សាហកម្មអតិពលកម្មឱ្យឈានទៅរកឧស្សាហកម្មផ្អែកលើជំនាញ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធ សេដ្ឋកិច្ចក្នុងស្រុក និងសភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកល, ធាតុផ្សំសំខាន់ៗ ដែលជាកត្តាជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យខាងលើ, វិធានការគោលនយោបាយសំខាន់ៗ ព្រមទាំងខ្លឹមសារ និងទម្រង់នៃសេចក្តីព្រាងរបាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១- ២០២៣។

ជារួមមក កិច្ចប្រជុំខាងលើបានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ដែលបានខិតខំសម្របសម្រួលនិងដឹកនាំរៀបចំរបាយការណ៍វឌ្ឍនភាពបានល្អនិងគ្រប់ជ្រុងជ្រោយ ហើយដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣ ព្រមទាំង លទ្ធផលសម្រេចបាននិងការជំរុញអនុវត្តវិធានការនានា ខណៈពេលដែលកម្ពុជាបាននិងកំពុងជួបប្រទះ នឹងការរីករាលដាលនៃជំងឺ COVID-១៩ និងបញ្ហាប្រឈមជាច្រើននាពេលនោះ។ ជាមួយគ្នានេះ តាមរយៈ វឌ្ឍនភាពដែលសម្រេចបាន ក៏បានបង្ហាញផងដែរថា វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងងើបឡើងគួរ ឱ្យកត់សម្គាល់ ពិសេសអនុវិស័យកម្មន្តសាល។ អង្គប្រជុំក៏បានចែករំលែកនូវព័ត៌មាន ធាតុចូល និងផ្តល់នូវ អនុសាសន៍សំខាន់ៗផងដែរ ក្នុងការត្រៀមគិតគូរសម្រាប់ការរៀបចំឯកសារគោលនយោបាយឧស្សាហកម្ម កម្ពុជាសម្រាប់ដំណាក់កាលបន្ទាប់ ពិសេសឆ្លើយតបទៅនឹងបរិការណ៍ប្រែប្រួលថ្មីៗដែលកើតមានឡើង៕
ដោយ៖ ចរិយា ប្រភព៖ CDC





