រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន១៤ភូមិ ស្ថិតក្នុងឃុំសឹង្ហ និងឃុំសូភី ស្រុកអូរជ្រៅ
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធលើចំនួន១៤ភូមិ ស្ថិតក្នុងឃុំសឹង្ហ និងឃុំសូភី ក្នុងស្រុកអូរជ្រៅ ដោយពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តវេឡុងសឹង្ហ ស្ថិតក្នុងស្រុកអូរជ្រៅ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានលោក លៀម សុដា អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមសាទរពីប្រជាពលរដ្ឋជាច្រើននាក់នោះ។

ក្នុងឱកាសនោះ លោក លៀម សុដា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ដើម្បីចូលរួមការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាន់ពេលវេលានៅពេលដែលក្រុមការងារវាស់វែងដីធ្លីបានចុះទៅប្រកាសជាមុនការកំណត់តំបន់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួននោះ និងបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលបានចូលរួមស្តាប់ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនាពេលនេះពេលត្រឡប់ទៅវិញសូមជួយផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋដែលមិនបានចូលរួមជាពិសេសនោះអាជ្ញាធរមូលដ្ឋានត្រូវរួមសហការជាមួយក្រុមការងារចុះវាស់វែងដីធ្លីត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅក្នុងស្រទាប់ប្រជាពលរដ្ឋដើម្បីឱ្យប្រជាពលបានដឹងបានយល់និងត្រៀមឯកសារពាក់ព័ន្ធបានគ្រប់គ្រាន់សំដៅជំរុញល្បឿនការចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះដែលនៅសេសសល់ឱ្យបានហើយរួចរាល់នៅដំណាច់ឆ្នាំ២០២៥ខាងមុខនេះ។ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាល៧នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាក៏ដូចក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ដែលបានដាក់ចេញឱ្យអនុវត្តនោះ។

លោកអភិបាលរងខេត្តបានបន្ថែមថា រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា សាធារណៈជន គ្រប់មន្ទីរ-អង្គភាពនានា ដែលមានក្បាលដីពាក់ព័ន្ធក្នុងតំបន់វិនិច្ឆ័យនេះ នឹងចូលរួមសហការបំពេញ កាតព្វកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធយ៉ាងផុសផុលជាមិនខាន។

យោងរបាយការណ៍មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានបង្ហាញឱ្យដឹងថានៅទូទាំងខេត្តការងារចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធដែលចុះអនុវត្តលើកដំបូងមានក្បាលដីសរុបដែលត្រូវចុះបញ្ជីមានប្រមាណជាង៦៧ម៉ឺនក្បាលដីហើយរហូតមកដល់ពេលនេះនៅសល់ប្រមាណជាង១៩ម៉ឺនក្បាលទៀតដែលត្រូវវាស់បង្ហើយនៅដំណាច់ឆ្នាំ២០២៥ខាងមុខនេះ។បច្ចុប្បន្ននេះមន្ត្រីជំនាញវាស់វាងដីធ្លីបាន និងកំពុងបន្តការយកចិត្តទុកដាក់អនុវត្តតាមផែនការ និងទិសដៅដែលដាក់ចេញដោយរដ្ឋបាលខេត្ត និងក្រសួងដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងនយោបាយបច្ចុប្បន្នដោយអនុវត្តន៍តាមគោលការណ៍រៀបចំនូវវិធានគោលនយោបាយគន្លឹះ៣ចំណុចរបស់ក្រសួងរួមមានការចុះបញ្ជីបង្ហើយបរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្តនោះ។ ភូមិទាំង១៤ ស្ថិតក្នុងឃុំសឹង្ហ និងឃុំសូភីក្នុងស្រុកអូរជ្រៅដែលបានធ្វើការប្រកាសតំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនោះមាន ភូមិថ្នាំ ភូមិសឹង្ហត្បូង ភូមិអន្លង់ស្វាយ ភូមិរកា ភូមិសឹង្ហលិច ភូមិត្នោត ភូមិរុន ភូមិពង្រ ភូមិកណ្តាល ស្ថិតក្នុងឃុំសឹង្ហ។ ភូមិសូភីជើង ភូមិសូភីកណ្តាល ភូមិសូភីត្បូង ភូមិគោកព្រិច និងភូមិគោកចក ក្នុងឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
ដោយ ឈុន សារ៉ាត





