អភិបាលស្រុកស្ទោងអញ្ជើញចូលរួមបិទពិធីប្រឡងចម្រៀងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ៧មករា
AKP កំពង់ធំ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥--
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រឡងចម្រៀង បុរាណសម័យ អបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) នៅផ្សារមរតកស្រុកស្ទោង កាលពីរាត្រីថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៥។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋពុកម៉ែបងប្អូនមន្ត្រីរាជការ និងបេក្ខជន បេក្ខនារី អាជីវករ លោក សាយ គឹមឡម បានថ្លែងបញ្ជាក់ថា ពិធីដ៏មហោឡារិកនេះ លើសពីការអបអរសាទរទិវាជ័យជំនះលើរបបអាវខ្មៅយង់ឃ្នងដែលសម្ដេចតេជោហ៊ុន សែន បានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីប្ដូរយកនូវសុខសន្តិភាពមកជូនជាតិមាតុភូមិរហូតមកដល់ពេលបច្ចុប្បន្ននេះគឺ ការបង្កលក្ខណៈកម្សាន្តសប្បាយ ជួបជុំរីករាយរបស់ពុកម៉ែបងប្អូននៅក្នុងស្រុកស្ទោងនិងជិតឆ្ងាយផងដែរ។ ការប្រឡងចម្រៀងបុរាណសម័យនៅក្នុងពេលនេះគឺជាការរក្សានូវទំនៀមទម្លាប់ប្រពៃណីដែលអាជ្ញាធរ និងរដ្ឋបាលស្រុកស្ទោងតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីថែរក្សានូវវប្បធម៌ ព្រមទាំងទម្លាប់ដែលតែងធ្វើឡើងហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក កុក វិទូ អគ្គនាយកផ្សារមរតកស្រុកស្ទោង ដែលបានសហការ និងផ្ដល់ទីតាំងសម្រាប់ប្រារព្ធពិធីដ៏សប្បាយរីករាយនេះឡើង។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងបី និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាអនុគណៈកម្មការទាំងអស់ និងសហការីដែលបានអនុវត្ត សហការចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ក្នុងកម្មវិធីទាំងបីរាត្រីប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត។
ក្នុងឱកាសនោះលោកអភិបាលស្រុកបានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូលសូមបន្តថែរក្សាការពារសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយត្រូវថែរក្សាឱ្យខាងតែបានដើម្បីមានឱកាសអភិវឌ្ឍ និងកសាងមូលដ្ឋានប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា ម្ចាស់ជ័យលាភីលេខ១ទទួលបានបណ្ណសរសើរ១ ទឹកប្រាក់៦០ម៉ឺនរៀល ព្រមទាំងកាដូ១។ ម្ចាស់ជ័យលាភីលេខ២គឺទទួលបានបណ្ណសរសើរ១ ទឹកប្រាក់៥០ម៉ឺនរៀល ព្រមទាំងកាដូ១។ ម្ចាស់ជ័លាភីលេខ៣ទទួលបាននូវបណ្ណសរសើរ១ ទឹកប្រាក់៤០ម៉ឺនរៀល ព្រមទាំងកាដូ១ផងដែរ៕
ដោយ ស៊ុម វណ្ណា





