ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំអង្គមីទ្ទិញអបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ៧មករា នៅស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) នៅក្នុងបរិវេណសាលាស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងបានថ្លែងអំណរគុណចំពោះគណៈអធិបតីនិងសមាជិកសមាជិកាទាំងអស់ ដែលបានអញ្ជើញមកពីតាមមូលដ្ឋាននានាយ៉ាងច្រើនកុះករ ចូលរួមក្នុងអង្គមីទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាបុណ្យជាតិ៧មករានៅក្នុងស្រុកសណ្ដាន់នៅថ្ងៃនេះ បានញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមក្រៃលែង។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ខេត្តកំពង់ធំ បានឡើងអានសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៦នៃទិវាជ័យជម្នះ ៧មករា ដោយបានបញ្ជាក់ថា ខួបទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករាជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន បានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់យ៉ាងឃោឃៅបំផុត។ ទិវាខួបលើកទី ៤៦ឆ្នាំនេះដើម្បីរំលឹកនិងចងចាំជានិច្ច នូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនឹងធ្វើពលកម្មយ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងទប់ស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញបាន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន រំលេចនូវខ្លឹមសារសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយយើងមានសុខសន្តិភាពនិងការឯកភាពជាតិពេញលេញ គឺដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិ ក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមក ធ្វើឱ្យប្រទេសជាតិយើងមានការឯកភាព ជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨។
កញ្ញា អេង តាំងស៊ឺ តំណាងសមាជិក សមាជិកានៃអង្គមីទ្ទិញទាំងមូលសូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៦ទិវាជ័យជម្នះបុណ្យជាតិ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ដែលជាថ្ងៃប្រវត្តិសាស្ត្រក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ។ មានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះនិងបានប្តេជ្ញាអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីបន្តថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍរបស់សង្គមជាតិក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





