ក្រុមការងារអនុសាខាកាកបាទក្រហមស្រុកភ្នំព្រឹកចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣គ្រួសារនៅឃុំពេជ្រចិន្តា
AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥--
ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំព្រឹក ដឹកនាំដោយលោក សុង សុភ័ក្ដ្រ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ ស្ថិតភូមិអូរតាប៉ុន និងចូលរួមបុណ្យសព១នាក់រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិអន្លង់មៀន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក សុង សុភ័ក្ដ្រ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“។

ជាមួយគ្នានេះដែរ លោកប្រធានអនុសាខាស្រុក ក៏សូមឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យទាំងការរស់នៅ និងការហូបចុច ដេីម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀន។ ក្រុមការងារអនុសាខាស្រុកបានបន្តចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពយុវជន សុង សំណាង អាយុ១៥ឆ្នាំ ស្លាប់ដោយករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិអន្លង់មៀន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងផងដែរ។

សូមជម្រាបជូនថា អំណោយមនុស្សធម៌ដែលផ្តល់ជូនគ្រួសារក្រីក្រចំនួន២គ្រួសារ រួមមាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ។ ដោយឡែកគ្រួសាសព ក្រុមការងារបានចូលរួមបុណ្យរួមមាន អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ទឹកប្រាក់សរុបចំនួន៩២៥,០០០រៀលផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





