កិច្ចប្រជុំកំពូលអតីតសមាជិកនៃគំនិតផ្ដួចផ្ដើមមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI)
AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥-- ឯកឧត្ដមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអតីតសមាជិកនៃគំនិតផ្ដួចផ្ដើមមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) នៅរាជធានីភ្នំពេញ ដោយបានសម្ដែងការអបអរសាទរចំពោះការរីកចម្រើននៃគំនិតផ្ដួចផ្ដើមមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយគាំទ្រដល់យុវជនកម្ពុជាលើការអភិវឌ្ឍវិស័យអប់រំតាមរយៈការផ្ដល់អាហារូបករណ៍ និងគំនិតផ្តួចផ្តើមនានាក្នុងការកសាងសមត្ថភាព យុវជនសម្រាប់អភិវឌ្ឍអនាគតប្រទេសជាតិ។

ឯកឧត្ដមបានលើកឡើងថា ដូចបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនដែរ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណើរអភិវឌ្ឍន៍ឆ្ពោះទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយសង្កត់ធ្ងន់លើកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការលើកកម្ពស់វិស័យអប់រំ។ ទន្ទឹមនឹងនេះ យើងទាំងអស់គ្នាត្រូវសហការគ្នា និងប្រើប្រាស់សក្តានុពលនៃមេដឹកនាំយុវជនរបស់យើង ដោយបានគូសបញ្ជាក់ថា បទពិសោធន៍ ចំណេះដឹង និងជំនាញរបស់យុវជនអតីតសមាជិក YSEALI ដែលទទួលបានតាមរយៈការសិក្សា នៅសហរដ្ឋអាមេរិក គឺជាទុនមួយក្នុងការសម្រេចគោលដៅប្រកបដោយមហិច្ឆតារបស់កម្ពុជា។

យុវជនបានបង្ហាញសមត្ថភាពក្នុងការរៀន ការសម្របខ្លួន និងភាពប៉ិនប្រសប់រួចហើយក្នុងបរិបទដ៏ចម្រុះនៅខាងក្រៅប្រទេស។ ស្របគ្នានេះដែរ យុវជនត្រឡប់មកប្រទេសកម្ពុជាវិញនឹងនាំមកនូវជំនាញបច្ចេកទេស និងតម្លៃនៃភាពច្នៃប្រឌិត ភាពធន់ និងការទទួលខុសត្រូវខ្ពស់ ដែលគុណសម្បត្ដិទាំងនេះនឹងបន្តជំរុញឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ និងវិបុលភាពនាពេលអនាគត។
សូមជម្រាបជូនថា កិច្ចប្រជុំកំពូលអតីតសមាជិកនៃគំនិតផ្ដួចផ្ដើមមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) នេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ និងបង្រួបបង្រួមទំនាក់ទំនងរវាងយុវជនកម្ពុជាចំនួន៣៥០នាក់ ដែលបានចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សា YSEALI នៅសហរដ្ឋអាមេរិក និងនៅក្នុងតំបន់ ព្រមទាំងអតីតសមាជិក YSEALI ប្រមាណជាង១០០នាក់ ដែលមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទីម័រឡេសេ្ត។

គំនិតផ្ដួចផ្ដើមមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅឆ្នាំ២០១៣ និងផ្ដោតលើយុទ្ធសាស្រ្តចំនួន៤គឺ ការចូលរួមរបស់ពលរដ្ឋ សហគ្រិនភាព និងកំណើនសេដ្ឋកិច្ច ការអប់រំ និងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ។ YSEALI ក៏បានរៀបចំកម្មវិធីផ្សេងទៀតផងដែរ ដើម្បីជំរុញការអភិវឌ្ឍតាមរយៈការផ្ដល់នូវជំនាញសំខាន់ៗដល់យុវជន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





