ព្រះអនុគណស្រុកស្ទោងដឹកនាំព្រះមន្ត្រីសង្ឃ និងពុទ្ធបរិស័ទ និមន្ត និងអញ្ជើញសួរសុខទុក្ខលើកទឹកចិត្តវីរកងទ័ពជួរមុខចំណុចមុំបី
AKP កំពង់ធំ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--
ព្រះបុណ្ណញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាជាព្រះធម្មធរគណខេត្តកំពង់ធំ និងជាព្រះបរិត្តកោសល្យ ព្រះអនុគណស្រុកស្ទោង និងព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៍គណខេត្តកំពង់ធំ បាននិមន្តដឹកនាំព្រះមន្រ្តីសង្ឃនិងសហការី ព្រមទាំងពុទ្ធបរិស័ទស្រុកស្ទោង និមន្ត និងអញ្ជើញ សួរសុខទុក្ខលើកទឹកចិត្តវីរកងទ័ពស្ថិតនៅក្នុងចំណុចមុំបី និងកងពលលេខ៩ចំណុះកងពលលេខ៣ តំបន់មុំបី ភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

ទាំងនេះសឱ្យឃើញពីការយកចិត្តទុកដាក់របស់ព្រះអង្គ និងព្រះមន្ត្រីសង្ឃ ក្នុងការសម្រាលបន្ទុកឬការលំបាកផ្សេងៗ និងលើកទឹកចិត្តវីរកងទ័ព ដែលបានពលីនូវសាច់ស្រស់ឈាមស្រស់និងកម្លាំងកាយចិត្តប្រកៀកស្មាគ្នា ការពារជាតិមាតុភូមិ ក្នុងនាមជាអ្នកសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងការការពារបូរណភាពទឹកដីដ៏ស្រស់បំព្រងទឹកដីសុវណ្ណភូមិនៃយើងមិនឱ្យមានការរំលោភបំពានឬការឈ្លានពាននិងបង្ករអរិភាពឥតឈរពីបរទេសណាមួយនោះឡើយ ជាពិសេសព្រះអង្គគាំទ្រយ៉ាងពេញទំហឹងនូវជំហរឥតងាករេ និងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកបញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយព្រមទទួលយកនូវសាលក្រមឬយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិមួយនេះផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះព្រះអង្គ និងព្រះមន្ត្រីសង្ឃ ព្រមទាំងពុទ្ធបរិស័ទបានធ្វើពិធីប្រោះព្រំលើករាសីការពារវីរកងទ័ពយើង ហើយបានឧបត្ថម្ភនូវបច្ច័យចំនួន១២លានរៀល សម្ភារប្រើប្រាស់ ព្រមទាំងស្បៀង និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀតផងដែរ៕

ដោយ ស៊ុម វណ្ណា (ប្រភព៖ រដ្ឋបាលស្រុកស្ទោង)





