គិតត្រឹមខែមិថុនានេះ ការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតបានកើនឡើងដល់ជាង១៤០០ឈុតហើយ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--ការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត(Fisheries Productivity Structure – FPS)បានកើនដល់ចំនួន ១.៤៧០ឈុតហើយគិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ។
គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយចីរភាព (SCMF) បានឱ្យដឹងថា ដើម្បីស្តាចំនួនត្រីសមុទ្រឱ្យមានការកើនឡើងនោះ គេបានដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត (FPS) ដើម្បីគាំទ្រដល់ការស្ដាឡើងវិញ និងការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ។
ប្រភពដដែលបានឱ្យដឹងបន្តទៀតថា សំណង់ជម្រកត្រីសិប្បនិម្មិត ទាំងនេះ ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការនេសាទដោយប្រើឧបករណ៍អូសបំផ្លិចបំផ្លាញ និងបង្កើតជាជម្រកសមស្រប សម្រាប់ការបន្តពូជ និងការលូតលាស់នៃធនធានជលផលសមុទ្រ ។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អរវាងគម្រោង និងអង្គការ MCC (Marine Conservation Cambodia) ដោយមានការចូលរួម ពីសហគមន៍នេសាទ សម្រាប់ការដំឡើង និងទម្លាក់ FPS នៅតាមទីតាំងដែលបានគ្រោងទុក។
គួរបញ្ជាក់ផងដែរថា កាលពីអំឡុងខែមេសា ឆ្នាំ២០២៦កន្លងមក សំណង់ជម្រកត្រីសិប្បនិម្មិតមានចំនួនសរុប១២៥០ឈុត ហើយមកដល់ពេលនេះឈានដល់១៤៧០ឈុត ដែលនេះបានបង្ហាញឱ្យឃើញថា សំណង់ដែលជាជម្រកសត្វសមុទ្រកាន់តែរឹងមាំ។វាជាមូលដ្ឋានគ្រឹះ សម្រាប់វិស័យជលផលសមុទ្រប្រកបដោយចីរភាព និងជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរផងដែរ៕

ដោយ មករា





