វគ្គបណ្តុះបណ្តាលស្តីពីការបំពេញទិន្នន័យពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិក្នុងប្រព័ន្ធទិន្នន័យកូបូ
AKP កណ្ដាល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--
លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវគ្គបណ្តុះបណ្តាលការបំពេញទិន្នន័យ ពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិក្នុងប្រព័ន្ធទិន្នន័យកូបូ (KοΒο Toolbox) ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីលោកនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ព្រមទាំងឃុំ សង្កាត់ នៃរដ្ឋបាលក្រុងស្រុកទាំង១៣ និង លោក លោកស្រី ស្មៀនឃុំ សង្កាត់ ទាំង១២៧ នៃខេត្តកណ្តាលផងដែរ។

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក ប្រាក់ សារ៉ាត បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីសាធារណៈ ដែលតំណាងឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ចាំបាច់ត្រូវតែអនុវត្តឱ្យបានល្អ លើមុខងារ តួនាទី ភារកិច្ច ដោយឈរលើគោលការណ៍ណែនាំលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ជាធរមាន តួយ៉ាងចំពោះរដ្ឋបាលឃុំ សង្កាត់ គឺយើងមានច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ និងច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលកម្ពុជាបានធ្វើការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០០២ ពោលគឺអាណត្តិទី១នៃក្រុមប្រឹក្សាឃុំសង្កាត់ នៅទូទាំងប្រទេស។ ហើយបច្ចុប្បន្ននេះ ក៏ជាអាណត្តិទី៥របស់ក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបោះឆ្នោតជាសកល កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅផងដែរ។ សម្រាប់ថ្នាក់ជាតិ គឺមានក្រសួងស្ថាប័ននៅកម្រិតថ្នាក់ជាតិ ជាអ្នកដាក់ចេញនូគោលនយោបាយនានា រីឯនៅថ្នាក់ក្រោមជាតិ គឺជាអ្នកអនុវត្តទៅតាមការណែនាំក្នុងនាមជាអ្នកតំណាងឱ្យក្រសួងស្ថាប័នទាំងនោះ និងអនុវត្តក្នុងនាមជាអ្នកបម្រើមូលដ្ឋានលើកិច្ចអភិវឌ្ឍន ក៏ដូចជាការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋជាដើម។

លោកអភិបាលរងខេត្តបានបន្ថែមនូវចំណុចសំខាន់ៗមួយចំនួនជុំវិញការអនុវត្តកំណែទម្រង់លើកម្មវិធីជាតិ ក៏ដូចជាគោលនយោបាយមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសដើម្បីឱ្យប្រទេសកម្ពុជា ឈានឆ្ពោះទៅសម្រេចឱ្យបាននូវឋានៈជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលរងខេត្តបានស្នើឱ្យលោក លោកស្រី ត្រូវយកចិត្តទុកដាក់តាមដានស្តាប់លើបទបង្ហាញរបស់គ្រូឧទ្ទេស ហើយនៅត្រង់ចំណុចណាមួយ ដែលមិនទាន់យល់ច្បាស់ ត្រូវសួរនាំឱ្យច្បាស់ ព្រោះថា បន្ទាប់ពីទទួលបាននូវវគ្គនេះរួច គឺត្រូវបំពេញនូវព័ត៌មាននានា ដែលពាក់ព័ន្ធទៅនឹងមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ទាំង១,០១០ភូមិ នៃខេត្តកណ្តាល ហើយត្រូវចូលទៅក្នុងប្រព័ន្ធ បំពេញឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





