អ្នកវិនិយោគខេត្តអានហួយ ប្រទេសចិន ស្វែងយល់ពីការវិនិយោគផ្ទះចល័យ ផ្ទះស្នាក់នៅ និងផ្ទះលំហែកាយ
AKP ព្រះសីហនុ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគខេត្តអានហួយនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Tang Choayang ប្រធានគណ:ប្រតិភូអ្នកវិនិយោគខេត្តអានហួយ ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ លើវិស័យផ្ទះចល័ត ផ្ទះប្រជាពលរដ្ឋ និងផ្ទះលំហែកាយ នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តបានស្វាគមន៍ប្រតិភូវិនិយោគខេត្តអានហួយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកស្វែងយល់ឱកាសវិនិយោគនៅខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ស្ថិតនៅប៉ែកនីរតីនៃប្រទេសកម្ពុជា ដែលមានសក្តានុពលសម្បូរបែប ក្នុងនោះ ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ផ្លូវគោកមានទំនាក់ទំនងទៅនឹងបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសតំបន់អាស៊ាន។ កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសារសំខាន់ក្នុងការដឹកជញ្ជូនទំនិញចេញចូលនៅទូទាំងប្រទេសប្រមាណជា ៧០ភាគរយ ហើយកំពង់ផែត្រូវបាន និងកំពុងអភិវឌ្ឍជាបីដំណាក់កាលពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ មានជម្រៅទឹក ១៧,៥០ម៉ែត្រ ធ្វើឱ្យតម្លៃដឹកជញ្ជូនមានការថយចុះ។ ចំពោះការវិនិយោគក្នុងខេត្តព្រះសីហនុ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនវត្ថុធាតុដើម ទន្ទឹមនោះខេត្ត មានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដោយឡែកផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្លូវអាកាសមានព្រលានយន្តហោះអន្តរជាតិជាប្រភេទ 4E។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូខេត្តព្រះសីហនុ ទៅកាន់ខេត្តអានហួយនាពេលថ្មីៗកន្លងមក ក៏បានចុះហត្ថលេខាខេត្តសម្ព័ន្ធមេត្រីភាពជាមួយខេត្តអានហួយ ហើយអភិបាលខេត្តអានហួយក៏មានចំណាប់អារម្មណ៍ការតភ្ជាប់ជើងហោះហើរមកកាន់ខេត្តព្រះសីហនុផងដែរ។ យើងចង់ជំរុញការហោះហើរច្រើនគោលដៅមកកាន់ខេត្តព្រះសីហនុ ទន្ទឹមនោះខេត្តជាំងស៊ូនឹងជួយជំរុញអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ និងជំរុញបើកជើងហោះហើរមកកាន់ខេត្តព្រះសីហនុ ក្នុងគោលបំណងជំរុញការអភិវឌ្ឍខេត្តព្រះសីហនុឱ្យមានសន្ទុះកាន់តែលឿន។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៥ ហើយកម្មវិធីពិសេសនេះលើកទឹកចិត្តដល់អ្នកវិនិយោគពីរចំណុច៖ ១. ជួយសម្របសម្រួលបែបបទ នីតិវិធីវិនិយោគរួមទាំងការស្មើសុំអាជ្ញាបណ្ណ និងលិខិតផ្សេងៗ និង២. ការលើកលែងពន្ធលើប្រាក់ចំណូល ព័ន្ធនាំចេញ នាំចូល និងព័ន្ធរយ:ពេល៣ ទៅ៥ឆ្នាំផងដែរ។ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកជាតំបន់ធំ ១.តំបន់ទីក្រុងសមាហរណកម្ម ២.តំបន់ទេសចរណ៍ នៅតាមតំបន់កោះមានភាពស្រស់ស្អាត ៣.តំបន់ពាពិជ្ជកម្ម កសិកម្ម និងកសិឧស្សាហកម្ម ៤.មជ្ឍមណ្ឌលអន្តរជាតិ ហិរញ្ញវត្ថុ និងភស្តុភាកម្ម ។

លោក Tang Choayang ប្រធានគណ:ប្រតិភូអ្នកវិនិយោគខេត្តអានហួយនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា នេះជាលើកទី២ដែលរូបលោកបានមកកាន់ខេត្តព្រះសីហនុ។ លោកមានការចាប់អារម្មណ៍សម្រាប់ខេត្តព្រះសីហនុ ដែលមានតំបន់ទេសចរណ៍ និងពាណិជ្ជកម្ម។ ក្នុងវេទិកាជំរុញការវិនិយោគនៅខេត្តអានហួយ ពួកយើងខ្ញុំជាអ្នកប្រកបមុខរបរសាងសង់ផ្ទះចល័យ ហើយថ្ងៃនេះយើងចង់មករកស៊ីនៅខាងក្រៅប្រទេសនៅតំបន់អាស៊ី ពិសេសនៅខេត្តព្រះសីហនុ វិនិយោគលើវិស័យដូចជា ការ សាងសង់ផ្ទះចល័ត ផ្ទះស្នាក់នៅ ផ្ទះសម្រាកលំហែកាយ ជាពិសេសក្នុងខេត្តព្រះសីហនុដែលមានការអភិវឌ្ឍរីកចម្រើន ផ្តោតសំខាន់វិនិយោគទៅលើផ្ទះចល័ត និងការដឹកជញ្ជុនជាដើម ដោយសារកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើវិស័យចំណង់ ហើយតម្រូវការផ្ទះចល័តក៏មានការកើនឡើងជាក់ជាមិនខាន។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកវិនិយោគមកពីខេត្តអានហួយ ដែលចង់ស្វែងយល់វិនិយោគទៅលើផ្ទះចល័ត ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានជម្រាបជូនថា ចំពោះទីផ្សារ និងការដឹកជញ្ជូន ដីធ្លី បញ្ហាពន្ធដែលអ្នកវិនិយោគបានលើកយកមកពិភាពក្សា។ ដោយឡែកការវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេស គឺក្នុងក្របខ័ណ្ឌវិនិយោគក្នុងខេត្តព្រះសីហនុ មានអំណោយផលល្អ ក៏ប៉ុន្តែនិយាយពីទីផ្សារ រាជរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍផ្តោតលើវិស័យអាទិភាពមានដូចជា ទេសចរណ៍ ភស្តុភាកម្ម និងអចលនទ្រព្យ ហើយទីផ្សារទេសចរណ៍ ការសាងសង់ផ្ទះចល័តជាការសកសម្យមួយ នៅតាមបណ្តាកោះ។ ប្រសិនបើមានគ្រឿងបង្គុំយកទៅធ្វើការដំឡើងមានភាពងាយស្រួល ដូច្នេះក្រុមហ៊ុនត្រូវសិក្សាវាយតម្លៃ ព្រោះវិស័យទេសចរណ៍កំពុងដំណើការ មានការអភិវឌ្ឍរីកចម្រើន។ ហើយឆ្នាំ២០២៥ គឺជាឆ្នាំរដ្ឋាភិបាលទាំងពីរជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា ចិន យើងសង្ឃឹមថានឹងឃើញមានផ្ទះចល័តនៅលើទីផ្សារកម្ពុជា ជាពិសេសនៅលើទឹកដីនៃខេត្តព្រះសីហនុ ព្រោះភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាសេចក្តីរីករាយរបស់រដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្តនឹងខិតខំជួយសម្របសម្រួលដល់អ្នកវិនិយោគមកពីបណ្តាប្រទេសនានា៕
ដោយ ងូ សុមុនី





