អភិបាលខេត្តបន្ទាយមានជ័យ បើកវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ប្រព័ន្ធ Kobo Toolbox សម្រាប់ប្រមូលទិន្នន័យមន្ត្រីភូមិ
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីបើកវគ្គតម្រង់ទិសស្តីពី "ការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិតាមប្រព័ន្ធ (Kobo Toolbox)" ជូនដល់ស្មៀនឃុំ-សង្កាត់ ដោយវគ្គនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីស្មៀនឃុំ-សង្កាត់មកពីទូទាំងខេត្ត។

ឯកឧត្តម អ៊ុ រាត្រី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភារកិច្ចរបស់ថ្នាក់ដឹកនាំភូមិស្របតាមបរិបទនៃការផ្ទេរមុខងារក្នុងក្របខណ្ឌ គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ឯកឧត្តមបានបញ្ជាក់ថា ការងារនេះក៏ស្របទៅនឹង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់យកអាទិភាពគន្លឹះចំនួន៥។ ក្នុងចំណោមអាទិភាពទាំងនោះ "មនុស្ស" ត្រូវបានចាត់ទុកជាអាទិភាពទី១ បន្ទាប់មកគឺ "ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា"។ នេះក៏ស្របនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តពង្រឹងធនធានមនុស្ស ជាពិសេសក្នុងវិស័យសាធារណៈ ដើម្បីពង្រឹងសមត្ថភាពការងារចាប់តាំងពីកម្រិតថ្នាក់ភូមិ រហូតដល់រដ្ឋបាលថ្នាក់កណ្ដាល។ ការណ៍នេះជាកម្លាំងចលករដ៏សំខាន់ក្នុងការគាំទ្រ និងអនុវត្តការងារ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ព្រមទាំងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ។
វគ្គតម្រង់ទិសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រ និងស្នើឱ្យមានកិច្ចសហការពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីបំពេញកម្រងបញ្ជីសំណួរព័ត៌មានបឋមពាក់ព័ន្ធនឹងមន្ត្រីភូមិ។ ព័ត៌មានដែលត្រូវប្រមូលរួមមានទិន្នន័យរបស់មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលបំពេញការងារជាមួយភូមិ។

ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា ទិន្នន័យទាំងនេះគឺជាទិន្នន័យចាំបាច់ និងសំខាន់សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំកែសម្រួលតួនាទី និងភារកិច្ចរបស់មន្ត្រីភូមិ។ នេះគឺដើម្បីពង្រឹង និងលើកកម្ពស់ដល់កិច្ចការសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានភូមិ ឃុំ សង្កាត់របស់ខ្លួនឱ្យកាន់តែមានគុណភាព។ ការប្រើប្រាស់ប្រព័ន្ធ Kobo Toolbox នឹងជួយសម្រួលដល់ការប្រមូល និងគ្រប់គ្រងទិន្នន័យប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល៕
ដោយ ឈុន សារ៉ាត





