អភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យ និងសម្រួលការងារនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារ និងអាជ្ញាធរក្រុង បានអញ្ជើញចុះពិនិត្យមើល និងសម្រួលការងារនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងធានាដល់ភាពរលូននៃការចេញចូលរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រវាងប្រទេសកម្ពុជា និងថៃ ព្រមទាំងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលចេញចូលឆ្លងកាត់ព្រំដែន។

ក្នុងឱកាសចុះត្រួតពិនិត្យនេះ ឯកឧត្ដម អ៊ុ រាត្រី បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសម្រួលដល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ។ «ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជាច្រករបៀងដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្ដូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ ដូច្នេះ ការធានាបាននូវភាពរលូន និងប្រសិទ្ធភាពនៃការងារនៅទីនេះ គឺជារឿងអាទិភាព ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ»។

ឯកឧត្ដមក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង ព្រមទាំងបានសង្កត់ធ្ងន់ថា «យើងត្រូវតែរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានសេវាល្អ និងឆាប់រហ័ស ហើយកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ កាន់តែមានភាពរឹងមាំឡើង»។
ទាក់ទងនឹងការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានជម្រាបជូនឯកឧត្ដមអភិបាលខេត្តអំពីស្ថានភាពទូទៅនៃដំណើរការចេញចូលរបស់ប្រជាពលរដ្ឋ និងទំនិញ។ លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា «ក្នុងនាមនគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត យើងខ្ញុំតែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជា និងគោលការណ៍ណែនាំរបស់ថ្នាក់លើ ក្នុងការគ្រប់គ្រង និងសម្របសម្រួលការងារប្រចាំថ្ងៃ។ យើងបានដាក់ពង្រាយកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅតាមបណ្ដោយព្រំដែន ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ»។

លោកឧត្តមសេនីយ៍ត្រីក៏បានបន្ថែមទៀតថា កងកម្លាំងនគរបាលច្រកទ្វារ តែងតែសហការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីដោះស្រាយរាល់បញ្ហានានាដែលកើតឡើងនៅតាមព្រំដែន និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោកបានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានចុះមកពិនិត្យដោយផ្ទាល់ និងផ្ដល់នូវការណែនាំដ៏មានតម្លៃ ដែលជាកម្លាំងចិត្តសម្រាប់កងកម្លាំងទាំងអស់បន្តបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើង។
ដំណើរចុះពិនិត្យ និងសំណេះសំណាលរបស់ឯកឧត្ដម អ៊ុ រាត្រី នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចំពោះការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ព្រំដែន ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា៕
ដោយ ឈុន សារ៉ាត





