ឧត្ដមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តម នួន ផារ័ត្ន គោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលីក្នុងសមរភូមិ
AKP កំពង់ធំ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំសហការីទៅជួយរៀបចំពិធីបុណ្យសព និងអមដំណើរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងអភិបាលរងខេត្ត បណ្ដាមន្ទីរអង្គភាពជុំវិញខេត្តទៅគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជា គឺលោកអនុសេនីយ៍ត្រី ញ៉ាត ឈីន នៅអង្គភាពវរសេនាតូចលេខ៣៨២ កងពលតូចលេខ៨ចំណុះកងពលធំលេខ៣ ដែលបានពលីជីវិត កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសមរភូមិការពារបូរណភាពទឹកដីនៅទិសព្រំដែនកម្ពុជា-ថៃ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តបឹង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ឯកឧត្ដម នួន ផារ័ត្ន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់វីរយុទ្ធជនរបស់យើងដែលបានលះបង់អាយុជីវិតដ៏អង់អាចក្លាហាននៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូណភាពទឹកដី និងការពារប្រជាជនកម្ពុជា។ ការលះបង់ដ៏ធំធេងនេះយើងខ្ញុំទាំងអស់គ្នាជាប្រជាជនកម្ពុជាចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាគ្រប់រូបចងចាំជានិច្ចនូវគុណូបការ:ដ៏ថ្លៃថ្លានេះ និងចារឹកទុកជាប្រវត្តិសាស្រ្ត ហើយនឹងបានរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភជូនក្រុមគ្រួសារសពឱ្យបានសរម្យ។ មិនត្រឹមតែប៉ុណ្ណោះសម្តេចមហាបវរធិបតីបានអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស និងប្រជាពលរដ្ឋជាជនភៀសសឹកផងដែរ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនាមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យក្រៃលែង និងសូមគោរពដឹងគុណមិនអាចបំភ្លេចបាននូវវីរភាពដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីដោយបានលំអោនកាយគោរពវិញ្ញាណក្ខន្ធ ដោយក្តីក្តុកក្តួលរំជួលចិត្តជាទីបំផុត និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនលោក អនុសេនីយត្រី ញ៉ាត ឈីន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


ដោយ ស៊ុម វណ្ណា





