រដ្ឋមន្រ្តីក្រសួងទេសចរណ៍អះអាងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា
AKP សៀមរាប ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- ថ្លែងនៅក្នុងពិធីសម្ពោធសណ្ឋាគារ TUI BLUE Angkor Grace នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា កម្ពុជានៅតែជាគោលដៅសន្តិភាព និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងអ្នកទាំងអស់គ្នា។ ដោយតំបន់រមណីយដ្ឋានទេសចរណ៍ និងតំបន់ទេសចរណ៍បេតិកភណ្ឌដ៏ល្បីល្បាញរបស់យើង កំពុងដំណើរការជាធម្មតា និងស្វាគមន៍ភ្ញៀវទេសចរគ្រប់រូបដោយសន្តិភាព និងភាពកក់ក្តៅ សម្រាប់ការមកទស្សនាប្រទេសកម្ពុជា ឈ្វេងយល់ពីសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា បន្តគាំទ្រ និងលើកស្ទួយប្រទេសកម្ពុជា។

ឯកឧត្តមបានបន្តថា ពិតជាមានមោទនភាពចំពោះភាពជាដៃគូដ៏សកម្មរវាងវិស័យសាធារណៈ និងឯកជន ដែលក្រសួងទេសចរណ៍បន្តប្តេជ្ញាចិត្តក្នុងការជំរុញភាពជាដៃគូ និងកិច្ចគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលលើកកម្ពស់ការទាក់ទាញរបស់ប្រទេសកម្ពុជាជាគោលដៅលំដាប់ពិភពលោកមួយ ហើយក្រសួងទេសចរណ៍កំពុងធ្វើការយ៉ាងសកម្មក្នុងការប្រែក្លាយឱ្យរដូវថយភ្ញៀវ តាមរយៈការបង្កើតនូវ "រដូវកាលបៃតង" ដែលជារយៈពេលដែលភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍ និងសម្រស់ដ៏ល្អឯករបស់ប្រទេសកម្ពុជានារដូវវស្សា។

លោក Stefen Messerer ឯកអគ្គរដ្ឋទូតអាលឺម៉ង់ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្រុងសៀមរាបនៅតែជាក្រុងដ៏ធំមួយ ក្នុងចំណោមក្រុងធំៗរបស់ប្រទេសកម្ពុជា ហើយបានកំពុងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់សកម្មភាពនយោបាយ និងសេដ្ឋកិច្ច។ ក្រៅពីនេះ ក្រុងនេះក៏ជាបេះដូងនៃវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាមណ្ឌលទេសចរណ៍ដ៏សំខាន់ និងជាទឹកដីនៃប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញត្រូវបានចុះក្នុងបញ្ជីរបស់អង្គការផងដែរ។ ដោយមើលឃើញនូវសក្ដានុពលនៃវិស័យនេះ លោកបានជំរុញយ៉ាងខ្លាំងឱ្យធ្វើការរឹតចំណងវិស័យទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

លោក Artur នាយកប្រតិបត្តិនៃTUI Hotels & Resorts បានលើកឡើងថា ដោយធ្លាប់ទទួលបានជោគជ័យនូវលើវិស័យសណ្ឋាគារកាលពីខែឧសភាកន្លងមកនេះ ទើបលោកមានមោទកភាពណាស់ក្នុងការពង្រីកអាជីវកម្មរបស់បន្ថែម ដោយបើកដំណើរការសណ្ឋាគារ TUI BLUE Angkor Grace ទីពីរនាពេលនេះ នៅក្នុងតំបន់គោលដៅទេសចរណ៍មួយក្នុងចំណោមតំបន់គោលដៅទេសចរណ៍ល្បីៗនៅលើពិភពលោក។ លោកមានការជឿជាក់ទៅលើផលប្រយោជន៍នៃការធ្វើទេសចរណ៍ដែលមិនត្រឹមតែសម្រាប់ដំណើរកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការសិក្សា ការតភ្ជាប់ និងការផ្លាស់ប្ដូរជាវិជ្ជមាន។ ការធ្វើដំណើរលើកកម្ពស់ឱ្យមានការយល់ដឹងអំពីវប្បធម៌ ការចងចាំរួមគ្នា និងការគាំទ្រដល់សហគមន៍មូលដ្ឋាន៕

ដោយ ឃុត សៅ





