ឯកឧត្តម អ៊ុំ រាត្រី ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនជនភៀសសឹកដែលជម្លៀសខ្លួនពីតំបន់សមរភូមិនៅខេត្តឧត្តរមានជ័យ និងឃុំជាប់ព្រំដែន ក្នុងស្រុកថ្មពួក
AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនដល់ជនភៀសសឹកចំនួន៥៤៨គ្រួសារ ដែលបានជម្លៀសខ្លួនពីតំបន់សមរភូមិនៅខេត្តឧត្តរមានជ័យ និងឃុំជាប់ព្រំដែន ក្នុងស្រុកថ្មពួក ដោយពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងសុវត្ថិភាពក្នុងទីរួមស្រុក និងមានការចូលរួមពីឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួកផងដែរ។

ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា ឯកឧត្តម អ៊ុំ រាត្រី បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាក។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ។

ឯកឧត្តមបានបន្តថា ការផ្ដល់អំណោយនេះគឺជាផ្នែកមួយនៃការគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនជនភៀសសឹកទាំងអស់ឱ្យបន្តមានកម្លាំងចិត្ត និងសេចក្តីសង្ឃឹម។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនទាំងអស់ឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

អំណោយដែលបានចែកជូនជនភៀសសឹកទាំង៥៤៨គ្រួសារ ក្នុងមួយគ្រួសារបានទទួលនូវសម្ភារ គ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករចំនួន២៥គីឡូក្រាម ទឹកសុទ្ធវីតាល់ចំនួន១កេស មី ចំនួន១កេស ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខចំនួន១យួរ។ ការផ្ដល់អំណោយនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារជម្លោះ។ ទង្វើនេះក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការរួបរួមគ្នារបស់ជាតិ ក្នុងគ្រាអាសន្ន៕

ដោយ ឈុន សារ៉ាត





