ឯកឧត្តម គួច ចំរើន៖ អ្នកសាងសង់សំណង់ ឬរំលោភបំពានដីកម្មសិទ្ធិស្របច្បាប់អ្នកដទៃ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់គ្មានការលើកលែង
AKP កណ្ដាល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងថា អ្នកដែលសាងសង់សំណង់ ឬរំលោភបំពានដីកម្មសិទ្ធិស្របច្បាប់អ្នកដទៃ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នឹងត្រូវផ្ដន្ទាទោសតាមច្បាប់គ្មានការលើកលែងឡើយ។ ការថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន០៣ភូមិ សរុប២៤៩០បណ្ណ គឺភូមិចុងកោះគរ ភូមិប៉ារែនលើ និងភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម ឈឿន ប៊ុនណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបយីកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តកណ្ដាលបានបន្តថា ការផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺផ្តល់នូវការធានាបាននូវសិទ្ធពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី។ ដូច្នេះប្រសិនបើមានអ្នកណាម្នាក់មករំលោភលើបណ្ណកម្មសិទ្ធិករស្របច្បាប់នេះ ដោយសាងសង់លំនៅឋាន ឬធ្វើអ្វីមួយនៅលើដីកម្មសិទ្ធិកររបស់អ្នកដទៃ។ នោះមានន័យថាអ្នកទាំងនោះប្រព្រឹត្តនូវអំពើល្មើសនៃច្បាប់ ដូច្នេះអ្នកទាំងនោះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់ដោយគ្មានការលើកលែងឡើយ។ ហើយក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់មិនត្រូវរំលោភលើកម្មសិទ្ធិកររបស់អ្នកដទៃឡើយ រាល់ទំនាស់ដីធ្លីទាំងអស់សូមកុំប្រើប្រាស់នូវពាក្យថាអ្នកឈ្នះបានដី អ្នកចាញ់បានលុយ យើងទាំងអស់គ្នាត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា អ្នកដែលល្មើសច្បាប់នឹងត្រូវផ្ដន្ទាទោសតាមច្បាប់។ ប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិនេះហើយ សូមរក្សាទុក្ខឱ្យបានល្អ ព្រោះថាបណ្ណនេះមានអត្ថប្រយោជន៍សំខាន់ណាស់ និងមានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់ ជួល បញ្ចាំ ធ្វើអំណោយ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកណ្តាល បានឱ្យដឹងថា គិតមកដល់ពេលនេះ ការចុះបញ្ជីបានរួចរាល់បានចំនួន៦៤ឃុំ-សង្កាត់លើ១២៧ឃុំ-សង្កាត់ ស្មើនឹង៥៦៣ភូមិ លើ១០១០ភូមិ ស្មើនឹង៥៦ភាគរយនៃចំនួនភូមិសរុប បានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន៤១២ ៣៩៥ បណ្ណ និងធ្វើការចែកបណ្ណជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៤០លើក ស្មើនឹង៣៤០ ៨៤៦ បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៤១នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពីចំនួន៣ មាន៖ ភូមិចុងកោះគរ ភូមិប៉ារែនលើ និងភូមិឫស្សីជ្រោយ សរុបចំនួន២៤៩០បណ្ណ៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





