លោកជំទាវ ទាង អេង ទៀ សីហា៖ យើងអត់ចង់ឃើញសង្គ្រាមនោះទេ សង្រ្គាមធ្វើឱ្យទទួលរងទុក្ខលំបាក បែកបាក់គ្រួសារ
AKP សៀមរាប ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- លោកជំទាវ ទាង អេង ទៀ សីហា តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា យើងអត់ចង់ឃើញសង្គ្រាមនោះទេ ព្រោះសង្រ្គាមធ្វើឱ្យទទួលរងទុក្ខលំបាកបែកបាក់គ្រួសារឃ្លៀតឆ្ងាយ និងបាត់បង់ប្តីជាទីស្រលាញ់ទៀតផង ហើយពាក្យថាសង្រ្គាមនេះបន្សល់ទុកនូវវិនាសកម្មច្រើនណាស់។ ការថ្លែងរបស់លោកជំទាវបែបនេះបានធ្វើឡើងនៅក្នុងពីធីចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ដែលជាអំណោយរបស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា រួមជាមួយព្រះសង្ឃខេត្តសៀមរាប និងមានអំណោយរបស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងសប្បុរសជនជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះកម្ពុជា-ថៃ ចំនួនប្រមាណជាង១,២០០គ្រួសារ ដែលកំពុងស្នាក់នៅដោយសុវត្ថិភាពក្នុងស្រុកវ៉ារិន ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

លោកជំទាវបានបន្តថា លោកជំទាវមិនអាចពណ៌នាទាំងអស់បានទេ បើបងបងប្អូនមានអារម្មណ៍យ៉ាងម៉េចលោកជំទាវក៏មានអារម្មណ៍ដូចគ្នា ព្រោះស្វាមីរបស់លោកជំទាវក៍ជាទាហានដែលបានព្យាយាមការពារជាតិជាមួយថ្នាក់ដឹកនាំ ដើម្បីស្វែងរកសុខសន្តិភាពជូនបងប្អូនទាំអស់គ្នាផងដែរ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យស្រឡាញ់សុខសន្តិភាព និងអរគុណសន្តិភាព ព្រោះសន្តិភាពនេះជាសេចក្តីសុខរបស់យើងទាំងអស់គ្នា សូមកុំឱ្យមានសង្រ្គាមទើបនាំគ្នាបួងសួងសុំសន្តិភាព បើមានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យទាំងអស់ឱ្យរីកចម្រើន ហើយមានកម្លាំងសាមគ្គីរួមសុខរួមទុក្ខ និងទទួលខុសត្រូវ ជាមួយប្រជាពលរដ្ឋយ៉ាងកក់ក្តៅជាទីបំផុត។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានថេរដីកាថា សង្គ្រាមបានបង្កបញ្ហាដ៏ធ្ងន់ធ្ងរដល់ប្រជាជនខ្មែរស្លូតត្រង់ហើយបាននាំឱ្យកើតមានការបែកបាក់ក្រុមគ្រួសារ និងអាយុជីវិតមនុស្ស ព្រមទាំងបំផ្លាញអនាគតរបស់ប្រជាជនក្នុងនោះការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ និងបងប្អូន គឺជារឿងដ៏សែនឈឺចិត្តបំផុតសម្រាប់គ្រួសារ និងសង្គមទាំងមូល។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានថេរដីកាលើកឡើងថា សង្គ្រាមមិនដែលបានផ្តល់សុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារដូចសម័យមានសន្តិភាពនេះទេ គឺសង្គ្រាមមានតែធ្វើឱ្យពួកគាត់ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន ហើយវាធ្វើឱ្យបែកបាក់គ្រួសារ បាត់បង់បងប្អូន ញាតិសន្តាន ហើយវិស័យគ្រប់យ៉ាងគឺត្រូវបាត់បង់ទាំងអស់ ដូច្នេះហើយបើសង្គមជាតិមានសុខសន្តិភាព ទើបសាសនារស់នៅសុខស្ងប់បានផងដែរ៕


ដោយ ឃុត សៅ





