សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានផ្តល់ទេយ្យទានជូនគ្រួសារវីរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិការពារទឹកដីពីការឈ្លានពានរបស់សៀម
AKP សៀមរាប ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បាននិមន្តដឹកនាំព្រះមន្រ្តីសង្ឃខេត្តសៀមរាប ចុះទៅសួរសុខទុក្ខ និងផ្តល់ជូននូវគ្រឿងឧបភោគបរិភោគរួម និងបច្ច័យដល់គ្រួសារកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់សៀម ដែលមានចំនួន១២គ្រួសារនៅក្នុងខេត្តសៀមរាប។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានថេរដីកាថា ការពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី យើងមិនអាចបំភ្លេចបានទេ។ ការពលីរបស់យុទ្ធជនជួរមុខកម្ពុជានឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជា ពីសំណាក់កងទ័ពយើងទាំងអស់។

សម្ដេចព្រះព្រហ្មរតនមុនីបានសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់នូវវីរកងទ័ពកម្ពុជាទាំងអស់ ដើម្បីការពារបូរណភាពទឹកដី ដែលនេះជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះជាតិកម្ពុជាទាំងមូល។ យើងត្រូវតែគោរព និងផ្ដល់តម្លៃចំពោះវីរៈបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា ហើយយើងទាំងអស់គ្នាត្រូវតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត។

សម្ដេចមានថេរដីកាទៀតថា ចំពោះសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងបច្ច័យដែលយកមកប្រគល់នាពេលនេះ គឺបានមកពីការចូលរួមរបស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមចែករំលែកទុក្ខលំបាកដែលផ្ដល់តាមរយៈព្រះមន្ត្រីសង្ឃខេត្តសៀមរាប៕

ដោយ ឃុត សៅ





