រដ្ឋបាលខេត្តឧត្តរមានជ័យបើកយុទ្ធនាការ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ “ខ្មែរជួយ រកការងារឱ្យខ្មែរ”
AKP ឧត្តរមានជ័យ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦-- នៅបរិវេណវេទិកាអុំទូក ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញក្នុងយុទ្ធនាការ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ “ខ្មែរជួយ រកការងារឱ្យខ្មែរ”។ កម្មវិធីនេះមានករចូលរួមពីលោកអភិបាលរងខេត្ត អភិបាលរងក្រុងសំរោង លោក លោកស្រី មកពីតាមស្ថាប័ណ្ណពាក់ព័ន្ធនិងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា វេទិកានេះគឺជាឱកាសមាសសម្រាប់ពលរដ្ឋក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ ដោយបាននាំមកនូវព័ត៌មានឱកាសការងារសរុបចំនួន៨២,៨១៣កន្លែងនៅទូទាំងប្រទេស។ ក្នុងនោះក៏មានការផ្សារភ្ជាប់ដោយផ្ទាល់រវាងអ្នកស្វែងរកការងារប្រមាណជិត៨០០នាក់ ជាមួយតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស និងសមាគមចំនួន៥ ដែលកំពុងត្រូវការកម្លាំងពលកម្មភ្លាមៗចំនួន ២,០៨០កន្លែង។ ឯកឧត្តមបានបន្តថា ទន្ទឹមនឹងនេះ ក្រសួងក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់បន្ថែមយ៉ាងក្បោះក្បាយអំពីអត្ថប្រយោជន៍លើសលប់នៃការងារក្នុងស្រុក ដែលមិនត្រឹមតែផ្តល់ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យបងប្អូនបានរស់នៅជួបជុំក្រុមគ្រួសារ និងចៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស។ អ្វីដែលកាន់តែពិសេស គឺការទទួលបាននូវរបបសន្តិសុខសង្គម (ប.ស.ស.) រួមមានផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្ត និងផ្នែកហានិភ័យការងារ ដែលជាខែលការពារជីវភាពដ៏រឹងមាំ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់យុវជន ជាពិសេសបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ដែលរស់នៅក្នុងខេត្តឧត្តរមានជ័យ ដែលមានបំណងចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ដើម្បីបង្កើនសមត្ថភាព និងប្រាក់ចំណូល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្តល់ជូនកន្លែងស្នាក់នៅ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការផ្ដល់ឱកាសការងារ និងការបង្កើតមុខរបរក្នុងស្រុក គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គមជូនពលរដ្ឋគ្រប់រូបក្នុងគ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានផ្នែក ប.ស.ស.៕
ដោយ ទិត ស្រ៊





