ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំកោតសរសើរចំពោះបេក្ខជនខេត្តបន្ទាយមានជ័យរក្សាបាននូវស្មារតីនឹងនរ និងរបៀបរៀបរយល្អក្នុងពេលប្រឡង បើទោះជាស្ថានការណ៍តាមព្រំដែននៅមិនទាន់វិលត្រឡប់មកភាពប្រក្រតីក៏ដោយ
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរចំពោះបេក្ខជនទាំងអស់ នៅខេត្តបន្ទាយមានជ័យដែលនៅតែរក្សាបាននូវស្មារតីនឹងនរ និងរបៀបរៀបរយល្អក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ បើទោះជាស្ថានការណ៍តាមព្រំដែនដែលកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃនៅមិនទាន់វិលត្រឡប់មកភាពប្រក្រតីក៏ដោយ។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានធ្វើឡើងនៅព្រឹកថ្ងៃទី២នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការចុះពិនិត្យនេះមានគោលបំណងវាយតម្លៃស្ថានភាពទូទៅ និងការអនុវត្តគោលការណ៍ប្រឡង ព្រមទាំងកាត់វិញ្ញាសាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយក្រុមការងារនៅមណ្ឌលប្រឡង មុនពេលដំណើរការសំណេរចាប់ផ្តើម។ ឯកឧត្ដមបានថ្លែងអំណរគុណដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការយ៉ាងយកចិត្តទុកដាក់ជាមួយក្រសួង ដើម្បីទ្រទ្រង់ដំណើរការប្រឡងរៀងរាល់ឆ្នាំ។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់គណៈមេប្រយោគ និងគណៈកម្មការ ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដើម្បីឧត្តមប្រយោជន៍ជាតិ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យមានមណ្ឌលប្រឡងចំនួន៨ ហើយមានបេក្ខជនចុះឈ្មោះសរុប ៦,៥៥២ នាក់ (ស្រី ៣,៧២៥ នាក់)។ ក្នុងចំណោមនេះ ថ្នាក់វិទ្យាសាស្ត្រមាន ១,៨២៥ នាក់ (ស្រី ១,១០៧ នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៤,៧២៧ នាក់ (ស្រី ២,៦១៨ នាក់។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមជូនពរបេក្ខជនប្រឡងទាំងអស់ជោគជ័យក្នុងការប្រឡង ជាពិសេសទទួលបាននិទ្ទេសល្អៗ ដែលខ្លួនប្រាថ្នា ឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសង្វាតរៀនសូត្រជាច្រើនឆ្នាំមកនេះ និងសូមជូនពរដល់គណៈមេប្រយោគ និងគណៈកម្មការនានានៃដំណើរការប្រឡង សូមមានសុខសុវត្ថិភាព សុខភាពល្អ និងទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ច៕
ដោយ ឈុន សារ៉ាត





