ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តម នួន ផារ័ត្ន ប្រារព្ធពិធីរុក្ខទិវា និងដាំស្ដារព្រៃឈើឡើងវិញ នៅតំបន់៤៤ នៅឃុំក្រយា
AKP កំពង់ធំ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកងកម្លាំង យោធិន អមដំណើរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីរុក្ខទិវា និងដាំស្ដារព្រៃឈើឡើងវិញ ដែលត្រូវរងការកាប់បំផ្លាញនាពេលកន្លងទៅ នៅតំបន់៤៤ ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា កន្លងមកព្រៃឈើមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានរងការកាប់បំផ្លាញ និងទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិពីសំណាក់ជនខិលខូចមួយចំនួន ដែលធ្វើឱ្យបាត់បង់ធនធានធម្មជាតិ ដែលពេលនេះយើងទាំងអស់គ្នាត្រូវរួមគ្នាដាំស្ដារ និងការពារព្រៃឈើឡើងវិញ និងត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិសម្រាប់សង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ក្នុងនាមប្រធានគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ ក៏បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដែលបានដឹកនាំកងកម្លាំងចម្រុះ នៅតាមទីបញ្ជាការស្រាល ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា ក្នុងរយៈពេលនៃយុទ្ធនាការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានចាប់ផ្ដើមពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ កងកម្លាំងចម្រុះនៃទីបញ្ជាការស្រាលការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានរកឃើញផ្ទៃដីដែលជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅមានចំនួនជិត ៤០០០ហិកតា ដែលបច្ចុប្បន្នផ្ទៃដីទាំងនេះត្រូវបានកម្លាំងទីបញ្ជាការស្រាល និងស្ថាប័នជំនាញ នៃស្ថាប័នបរិស្ថាន និងរដ្ឋបាលព្រៃឈើខេត្ត ធ្វើការគ្រប់គ្រង ហើយកន្លងមកកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូលរួមចំណែកក្នុងការដាំស្ដារព្រៃឈើឡើងវិញបានចំនួនជាង ៥ម៉ឺនដើមរួចមកហើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ថ្ងៃនេះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូលរួមចំណែកបន្តទៀតក្នុងការដាំស្ដារព្រៃឈើឡើងវិញ ចំនួនជាង៣០០០ដើម និងបានប្ដេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចបន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត៕
ដោយ ស៊ុម វណ្ណា





