ពិព័រណ៍ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥-- ពិព័រណ៍ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំនៅវិទ្យាស្ថានជាតិអប់រំ បានសម្ពោធបើកឱ្យដំណើរការជាផ្លូវការ កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ពិព័រណ៍នេះរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា ជាមួយមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា ដោយបានបង្ហាញស្នាដៃចំនួន៣ប្រភេទ រួមមាន៖ ១. លទ្ធផលនៃការស្រាវជ្រាវជាវត្ថុគំរូ កម្មវិធី ឬប្រព័ន្ធដែលពាក់ព័ន្ធនឹង AI។ ២. កម្មវិធីសិក្សា ឬការស្រាវជ្រាវដែលកំពុងដំណើរការពាក់ព័ន្ធនឹង AI និង៣. គម្រោងផែនការ ឬគំនិតផ្តួចផ្តើមថ្មីៗស្តីពីការស្រាវជ្រាវដើម្បីអភិវឌ្ឍផ្នែក AI។

ពិព័រណ៍នេះក៏មានបទបង្ហាញចំនួន៣ផងដែរ រួមមាន៖ ១. ការប្រកាសជាសាធារណៈនូវសន្និសីទថ្នាក់ជាតិស្តីពីបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ដែលគ្រោងនឹងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៥។ ២. ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីគាំទ្រដល់ការរៀន និងការបង្រៀន និង៣. របត់ថ្មីនៃបែបផែនក្នុងការស្រាវ ជ្រាវដើម្បីអភិវឌ្ឍន៍ដោយឧបករណ៍បញ្ញាសិប្បនិម្មិត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកការរៀបចំពិព័រណ៍ស្តីពីបញ្ញាសិប្បនិម្មិតនេះឡើងថាជាការបោះជំហានដ៏សំខាន់មួយក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការអប់រំ ដោយបានបញ្ជាក់ថា បញ្ញាសិប្បនិម្មិតនឹងនាំមកនូវការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ដែលនឹងក្លាយជាឧបករណ៍ជំនួយដ៏មានប្រសិទ្ធភាពក្នុងការជួយសម្រួល និងបង្កើនប្រសិទ្ធភាពដល់ការងាររបស់គ្រូបង្រៀន និងការរៀនសូត្ររបស់សិស្សានុសិស្ស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានក្រើនរំលឹកថា បញ្ញាសិប្បនិម្មិតនាពេលនេះគឺនៅតែជាឧបករណ៍ជំនួយប៉ុណ្ណោះដោយយើងមិនអាចពឹងផ្អែកទាំងស្រុងទៅលើបច្ចេកវិទ្យានេះបានទេ ដែលអាចបណ្តាលឱ្យបាត់បង់នូវឯករាជ្យភាពនៃការគិតរបស់មនុស្ស។ ដូច្នេះយើងត្រូវតែចេះប្រើប្រាស់ចំណុចខ្លាំង និងទប់ស្កាត់ចំណុចខ្សោយរវាងសមត្ថភាពរបស់ម៉ាស៊ីន និងមនុស្សប្រកបដោយតុល្យភាព ដើម្បីធានាឱ្យដំណើរការរៀនសូត្រកាន់តែមានប្រសិទ្ធភាពខ្ពស់ និងស្របតាមក្រមសីលធម៌នៃការប្រើប្រាស់បច្ចេកវិទ្យា។
សូមជម្រាបជូនថា ពិព័រណ៍ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំគឺជាកម្មវិធីអមនៃទិវាគ្រូបង្រៀន ០៥ តុលា ដែលត្រូវប្រព្រឹត្តទៅលើប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត”៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





